ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញចុះសម្របសម្រួល ដោះស្រាយបញ្ហាប្រឈម ជូនលោកយាយលោកតា អុំពីមីង បងប្អូនប្រជាពលរដ្ឋ នៅឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ដែលមានក្លិនមិនល្អ ចេញពីកសិដ្ឋានចិញ្ចឹមសត្វទា ជិតផ្ទះរបស់ពួកគាត់ បណ្តាលឲ្យរងផលប៉ះពាល់ ក្នុងការរស់នៅប្រចាំថ្ងៃ។
ក្នុងកិច្ចដំណោះស្រាយខាងលើ បានធ្វើឲ្យម្ចាស់កសិដ្ឋានបានឯកភាពតាមសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ដោយសុំផ្លាស់ប្តូរកន្លែងចិញ្ចឹម រកទីតាំងថ្មីដែលនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ជៀសវាងធ្វើឲ្យមានក្លិនស្អុយ ប៉ះពាល់ដល់អ្នកជិតខាង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋ ក្នុងម្នាក់ទទួលបានសារុង១ ដោយឡែកលោកយាយលោកតាចាស់ៗ ទទួលបានថវិកាបន្ថែម ក្នុងម្នាក់ៗ២ម៉ឺនរៀល និងបានរៀបចំឲ្យមានពិសាអាហារសាមគ្គីជួបជុំគ្នា ក្នុងស្មារតីស្និតស្នាលក្រៃលែង។
ក្រោយពីបញ្ចប់ការសម្របសម្រួល ឯកឧត្តបានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពប្រព័ន្ធធារាស្រ្ត និងដំណាំស្រូវរបស់ប្រជាពលរដ្ឋ ក្នុងស្រុកបាកាន និងបន្តពិនិត្យការសាងសង់លំនៅឋាន លើដីផ្លូវទឹក នៅឃុំត្រពាំងជងផងដែរ៕