ភ្នំពេញ៖ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ក្រុមប្រឆាំងនៅក្រៅប្រទេសដែលកំណត់យកថ្ងៃ០៩ ខែវិច្ឆិកា ដើម្បីធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់នោះមិនបានយល់ពីលទ្ធិប្រជាធិបតេយ្យនោះទេ។ ការលើកឡើងរបស់សម្ដេចក្រឡាហោមនេះ ក្នុងសិក្ខាសាលាស្ដីពីកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៨ ក្រោមប្រធានបទ «កិច្ចជំរុញការអនុវ ត្តសេចក្ដីប្រកាសរួមលើកទី៧ ស្ដីពីសាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក» កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលសន្និសីទចតុម្មុខ។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កាលពីថ្ងៃបុណ្យឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យុអុំទូកកន្លងមកនេះ អ្នកដែលមានបំណងបំផ្លាញសុខសន្តិភាព គេបានបង្កើត ព្រឹត្តិការណ៍មួយគឺការធ្វើមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ដោយគៀរគរចលនា ប្រជាពលរដ្ឋដើម្បីទៅចាំស្វាគមន៍ទៅចាំទទួលខ្លួន។ សម្ដេចក្រឡាហោមបន្ដថា ប៉ុន្តែការស្វាគមន៍ និងចាំទទួលនេះមិនមែនមកដើម្បីចូលរួមសុខសន្តិភាព ស្ថិរភាព ឬក៏អនុវត្តគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សដូចចែងក្នុងរដ្ឋធម្មនុញ្ញននោះទេ។ សម្ដេចក្រឡាហោមបន្ដទៀតថា ការធ្វើរបស់ក្រុមប្រឆាំងនេះមិនយល់ពីលទ្ធិប្រជាធិតេយ្យទេព្រោះថាពេលនេះរដ្ឋាភិបាលអាណត្តិទី៦ទើបបានជាង១ឆ្នាំ តាមរដ្ឋធម្មនុញ្ញគឺ៥ឆ្នាំ សម្រាប់អាណត្តិរបស់រាជរដ្ឋាភិបាល។
សម្ដេចក្រឡាហោមបានបន្ថែមថា មានន័យថាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក នេះ មិនមែនជាថ្ងៃបោះឆ្នោតទេ។ ប៉ុន្តែគេយកថ្ងៃនេះដើម្បីមកអុកឡុកបំផ្លាញសុខសន្តិភាព។ សម្តេចក្រឡាហោមបានបញ្ជាក់បន្ថែមថា បើកអនុញ្ញាតឱ្យក្រុមប្រឆាំងដើរហួសទៅ នឹងកើតជាបញ្ហារវាងគូបក្សដិបក្សសត្រូវយកស្លាប់រស់ជាមួយគ្នា ដែលក្នុងក្របខ័ណ្ឌលទ្ធិប្រជាធិបតេយ្យអត់មានទេ។ តែបើសម័យសង្គ្រាមគេធ្វើរដ្ឋប្រហារ គេចាត់ទុកជាសត្រូវនឹងគ្នា ដោយ ម្ខាងចាត់ទុកម្ខាងទៀត ជាសត្រូវស្លាប់រស់ ដូច្នេះត្រូវកម្ទេស។
សម្ដេចក្រឡាហោមបានចាត់ទុកថា ក្នុងក្របខ័ណ្ឌលទ្ធិប្រជាធិតេយ្យ ការតស៊ូមតិ ដើម្បីអំណាចគឺជាគូប្រជែង ឬគូជំទាស់ដែលគេហៅថាជាបក្សប្រឆាំង។ តែបើបក្សប្រឆាំង មិន យល់ន័យពីការប្រឆាំង ហើយបែរជាយកគ្នាឯងជាសត្រូវ ដូច្នេះបើគេយកគ្នាឯងជាសត្រូវ នោះត្រូវតែកម្ទេច៕