ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ គ្រួសារកូនភ្លោះ៣នាក់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ដែលបានរួមចំណែកជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់គ្រួសារ ។
ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរធម៌ដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទី៣៦០នេះ (គ្រួសារមានកូនភ្លោះ ៣នាក់នៅទូទាំងប្រទេស) បានប្រគល់ជូនគ្រួសារកូនភ្លោះ ៣នាក់នេះដែលស្ថិតនៅ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតនៃ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះឯកឧត្តម សេង ទៀង បានមានប្រសាសន៍ដោយនាំពាំនូវការសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់ក្រុមគ្រួសារកូនភ្លោះ៣នាក់នេះ។ ឯកឧត្តមបានបញ្ជាក់ថាជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងជាពិសេសនោះចំពោះគ្រួសារដែលមានកូនភ្លោះ៣នាក់ដោយបានចាត់ទុកជាចៅរបស់សម្តេចទៀតផង។
អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានប្រគល់ជូននាពេលនេះរួមមាន អង្ករចំនួន ២០០គីឡូក្រាម ស្កសរ៥គីឡូក្រាម ទឹកដោះគោម្សៅ ១កេសធំ សារុង២ ក្រមា២ និងថវិកាចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀល)។
សូមជម្រាបជូនថា គ្រួសារប្រជាពលរដ្ឋ ដែលសម្រាលបានកូនភ្លោះ៣នោះ មានឪពុកឈ្មោះ ខន យ៉ាន អាយុ ៣៥ឆ្នាំ និងម្ដាយឈ្មោះ ជួប ចិត្ត អាយុ ៣២ឆ្នាំ និងនាមឈ្មោះកូនភ្លោះទាំង ៣នាក់នេះ រួមមាន៖ កូនស្រីទី១ ឈ្មោះ កឹម ឡង, កូនស្រីទី២ ឈ្មោះ កឹម ឡា និងកូនស្រីទី៣ ឈ្មោះ កឹម ឡៃ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕