ពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៥០ គ្រួសារ ក្នុងស្រុកថាឡាបរិវ៉ាត់


នារសៀលថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន១៥០ គ្រួសារ ក្នុង ១គ្រួសារ អង្គរ២៥គីឡូក្រាម ក្នុងឃុំកាំងចាម និងឃុំអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

មានអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកថាឡាបរិវ៉ាត់ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្ដម ម៉ុម សារឿន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ឲ្យបានល្អ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសរស់នៅត្រូវប្រកបដោយអនាម័យ ព្រមទាំងស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ ដើម្បីជៀសផុសពីជំងឺកូវីដ-១៩ និងជំរុញដល់អាជ្ញាធរតាមមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវបន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ករណីសង្ស័យ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន និងមន្រ្តីអមដំណើរបានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវ ស្ពាន លូ ដាឡូ ក្នុងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ និងបន្ទាប់មកបន្តចុះពិនិត្យការងារសាងសង់ច្រាំងទន្លេក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង៕