កំពង់ឆ្នាំងៈ នាព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង រៀបចំវេទិកាដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជូនដល់ប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោកស្រី មាស សុម៉ាលី ស្នងការរងនគរបាលខេត្ត។
វេទិកាផ្សព្វផ្សាយនេះ រៀបចំនៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ក្នុងនោះក៏មានការចូលពីលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធ, កម្លាំងសមត្ថកិច្ច, មេភូមិ ចៅសង្កាត់, អាជ្ញាធរ, ក្រុមការងាររបស់លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត និងប្រជាពលរដ្ឋជាច្រើនទៀតចូលរួមផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ ប៊ន សុភី ក៏បានបញ្ជាក់ពីគោលបំណងក្នុងអង្គវេទិកា ក្នុងនោះក្រោមការដឹកនាំចង្អុលទិស របស់ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដោយយកចិត្តទុកដាក់ ជម្រុញពង្រឹងការអនុវត្ត ការងារ ដល់គណៈកម្មាធិការ គ.ខ.ប.ជ ខេត្ត ក្រុមលេខាធិការដ្ឋាន ក្រុមការងារជំនាញអន្តរ មន្ទីរ អង្គភាព បានអនុវត្តការងារបានយ៉ាងល្អ។ លោកជំទាវក៏បានក្រើនរំឮកបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យ អនុវត្តវិធានការការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក។
លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍បន្តទៀតថាៈទោះជាប្រទេសយើងអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ នៅដំណាក់កាលទី១ក្ដី ប៉ុន្តែបងប្អូនទាំងអស់ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំដើម្បីចូលរួមទាំងអស់គ្នាកុំឱ្យកើតមានជំងឺកូវីដ១៩ នៅក្នុងដំណាក់កាលដែលមានរលកទី២នេះ នៅក្នុងសហគមន៍យើង។
ក្នុងឱកាសនោះផងដែរលោកជំទាវ បានចែកម៉ាស់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម ចំនួន ៧៩ម៉ាសផងដែរ ៕