ឯកឧត្តម វ៉ាន់ មុនីនាថ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច.)


នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដែលរួមមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវអគ្គលេខាធិការរង លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្រ្តី នៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច.។ កិច្ចប្រជុំបានពិនិត្យ វាយតម្លៃ និងពិភាក្សាលើវឌ្ឍនភាពការងារនាយកដ្ឋាននីមួយៗ ដែលបាននិងកំពុងអនុវត្ត ឆ្លើយតបទៅនឹងតម្រាយផ្លូវជាយុទ្ធសាស្រ្តរបស់ឯកឧត្តមប្រធាន ក.ជ.អ.ច. និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ជាលទ្ធផល អង្គប្រជុំបានឯកភាពលើកិច្ចការចំាបាច់មួយចំនួន ដែលត្រូវពិនិត្យកែតម្រូវ ដើម្បីធានាឱ្យដំណើរការក្នុងការិយាល័យ នាយកដ្ឋាន និងអគ្គលេខាធិការដ្ឋាន មានភាពរលូន ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងការទទួលខុសត្រូវខ្ពស់។