(បាត់ដំបង)៖ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននាំយកថវិកាសប្បុរសជន យកមកចែកជូនអាជីវកររងគ្រោះ ដែលបានឆេះតូបលក់ដូរ៤០ ស្មើនឹង១៨ម្ចាស់តូប នៅផ្សារធំ ក្រុងបាត់ដំបង ដោយទុស្សេចរន្តអគ្គិសនី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ កន្លងទៅ។
ពិធីសំណេះសំណាល និងចែកអំណោយរបស់សប្បុរសជននេះ បានធ្វើឡើង នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅសាលាក្រុងបាត់ដំបង ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោកឧកញ៉ា ភួ ប៉ូយ ប្រធានសមាគមន៍ខ្មែរ-ចិន ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ អេង ហុង មេបញ្ជាការងយោធភូមិភាគទី៥ គណៈអភិបាលក្រុង ក្រុមប្រឹក្សាក្រុងបាត់ដំបង និងអាជីវករទាំងអស់ចូលរួមផងដែរ។
បន្ទាប់ពីអំណានរបាយការណ៍ស្វាគមន៍របស់លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងរួចមក ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត បានសំណេះសំណាល និងមានមតិមួយចំនួនដល់អាជីវករ ដែលត្រូវបានអញ្ជើញមកទទួលថវិកា បានមកពីការឧត្ថមរបស់សប្បុរសជននានា ជូនបងប្អូននាពេលនេះ។
ឯកឧត្តម សឿម ប៊ុនរិទ្ធ បានបញ្ជាក់ថា បន្ទាប់ពីមានរងគ្រោះដោយសារអគ្គិភ័យ បានឆាបឆេះតូបលក់ដូររបស់អាជីវករចំនួន៤០តូប ស្មើនឹង១៨ម្ចាស់ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅផ្សារធំ (ផ្សារណាត់) កន្លងរួចមក អាជ្ញាធរខេត្ត ក្រុងកងកម្លាំង និងថ្នាក់ដឹកនាំជាច្រើនទៀត បានចុះមកពិនិត្យទីតាំង។
ក្នុងនោះ ក៏បានបង្កើតគណៈកម្មការ១ ដើម្បីធ្វើការសិក្សាពីមូលហេតុឆេះ និងសិក្សាពីការខូចខាត ដោយឲ្យមន្រ្តីជំនាញបច្ចេកទេស យកចិត្តទុកដាក់រហូត ដល់កសាងតូបឡើងវិញ។
រដ្ឋបាលខេត្ត ជាអ្នកចេញថ្លៃសាងសង់តូបទាំងស្រុង ជូនដោយឥតគិតថ្លៃ ពីអាជីវករឡើយ និងធ្វើការប្រគល់ទទួលជូនអាជីវករ បានចូលលក់ដូរវិញ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០រួចហើយ។
ឯកឧត្តម សឿម ប៊ុនរិទ្ធ បានបន្តថា ថវិកាដែលបានឧបត្ថមដល់អាជីវករទាំង៤០តូបនេះ មានចំនួនសរុប១៦,៤០០ដុល្លារ គឺបានមកពីសប្បុរសជននានា មានដូចជា៖
ទី១៖ អំណោយរបស់ឯកឧត្តម ហ៊ុន មានី ប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា និងសមាជិកចំនួន៥,០០០ដុល្លារ
ទី២៖ អំណោយរបស់លោកឧកញ៉ា ភួ ប៉ូយ ប្រធានសមាគមខ្មែរ-ចិន ខេត្តបាត់ដំបង ចំនួន៨,៤០០ដុល្លារ
ទី៣៖ អំណោយរបស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចំនួន២,០០០ដុល្លារ
ទី៤៖ អំណោយរបស់ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលបាត់ដំបង ចំនួន១,០០០ដុល្លារ។ ដោយក្នុង១តូបៗ បានទទួល៤១០ដុល្លារ។
ឯកឧត្តមបានបន្ថែមថា ទោះជាអំណោយនេះ មិនបានគ្រប់តាមតំរូវការ គ្រប់ចំនួនតាមការខូចខាតជាក់ស្តែងក៏ពិតមែន តែក៏បានជួយចែករំលែកដល់អាជីករ រងគ្រោះបានមួយចំណែក ដើម្បីជួយសម្រាលជីវភាពបងប្អូនមួយកម្រិត។
ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានសំណេះសំណាលជាមួយបងប្អូនអាជីវករយើងថា ក្នុងនាមអ្នកតំណាងរាស្រ្ត តែងតែយកចិត្តទុកដាក់ ពីបញ្ហាសុខរបស់រាស្រ្តដែលបានជួបការលំបាករងគ្រោះ ដោយសារអគ្គិភ័យឆាបឆេះតូប លក់ដូរបងប្អូនកន្លងមក រហូតដល់បានសម្រេចជោគជ័យនាថ្ងៃនេះផងដែរ។
បន្ទាប់មកគណៈអធិបតី ក៏បានប្រគល់ថវិកាជានិមិត្តរូប ជូនដល់តំណាងអាជីវករទងអស់ផងដែរ។ ហើយអាជីវករទាំងអស់ ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ទាំងអស់ ដែលតែងតែបានយកចិត្តទុកដាក់ ជួយដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈរហូតមក៕