(ភ្នំពេញ)៖ ឯកឧត្តម ហាស់ រ៉ាវី ទីប្រឹក្សា និងតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ បានដង្ហែព្រះត្រៃបិដក យកទៅតម្កល់ទុកនៅពុទ្ធមណ្ឌលវិបស្សនា នៃព្រះរាជាណាចក្រកម្ពុជា នៅភ្នំអដ្ឋរស្ស (ភ្នំឧត្តុង) ដើម្បីទុកជាប្រយោជន៍ដល់ការសិក្សារៀនសូត្រ របស់ព្រះសង្ឃ និងពុទ្ធបរិស័ទ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហាស់ រ៉ាវី ក៏បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគេន និងប្រគល់ចំពោះព្រះសង្ឃ សីលវ័ន និងសីលវតីផងដែរ។
បន្ថែមពីលើនេះ ឯកឧត្តម ហាស់ រ៉ាវី ក៏បានផ្តល់ថវិកាចំនួន២លានរៀល សម្រាប់ធ្វើចង្ហាន់ ប្រគេនដល់ព្រះសង្ឃ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ និងប្រគេនថវិកាដល់ព្រះសង្ឃ ក្នុង១អង្គចំនួន ៤ម៉ឺនរៀល ចំនួន៩៥អង្គ និងជូនចំពោះ សីលវ័ន និងសីលវតី ចំនួន ២៥០រូប ក្នុងម្នាក់ៗចំនួន២ម៉ឺនរៀល។
ជាមួយគ្នានោះ ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន រូបនេះ ក៏បានប្រកាសឧបត្ថម្ភចំនួន៤ពាន់ដុល្លារសហរដ្ឋអាមេរិកជូនដល់មេឃុំ ស្រងែរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីយកទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាត។
នៅចុងក្រោយនៃកម្មវិធីនេះ ឯកឧត្តម ហាស់ រ៉ាវី តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សូមជូនពរដល់ពុទ្ធបរិស័ទ ទាំងអស់ ឲ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕