(ភ្នំពេញ)៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងច្បាស់ថា «អ្នកដែលប្រមាថមើលងាយជនមានពិការភាព នឹងត្រូវប្រឈមមុខចំពោះច្បាប់ ដោយដាក់ទោសទណ្ឌឲ្យជាប់ពន្ធនាគារ»។
ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា សេចក្តីព្រាងច្បាប់ថ្មីក្នុងវិស័យពិការភាពនេះ ត្រូវបានលើកយកមកពិគ្រោះយោបល់ ជាមួយជនមានពិការភាព អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសាន់វ៉េ ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបន្ថែមផលប្រយោជន៍ សម្រាប់ជនមានពិការ នាពេលអនាគត។
រដ្ឋលេខាធិការវ័យក្មេងរូបនេះ បានបង្ហាញការសង្ឃឹមថា ច្បាប់នេះ នឹងបង្កើនការផ្តល់អត្ថប្រយោជន៍ច្រើនបន្ថែមទៀត សម្រាប់ជនមានពិការភាព ដោយគិតតាំងពីការរស់នៅប្រចាំថ្ងៃ សុខភាព ការអប់រំ ការងារ វប្បធម៌ សិល្បៈ កីឡាជាដើម។
ឯកឧត្តមបន្តថា ពិសេសច្បាប់ថ្មីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានផ្តល់អនុសាសន៍សង្កត់ធ្ងន់រួចមកហើយ ពីអំពើម៉ាក់ងាយ ជេរប្រមាថជនមានពិការភាព គឺមិនអាចអត់អោនឱ្យបានទេ។ សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពី«កិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការភាព» នេះ មាន១០ជំពូក និង ១០៨មាត្រា។
ឯកឧត្តមបន្តថា ច្បាប់ថ្មី នឹងជួយជំរុញឱ្យមានការគោរពសិទ្ធិជាមូលដ្ឋាន កាត់បន្ថយការរើសអើង ពង្រឹងទស្សនៈមើលឃើញសមត្ថភាពប្រសើរ ជាងមើលឃើញ ពិការភាព ដោយផ្តល់ឱកាស ស្មើភាពគ្នា ចំពោះជនមានពិការភាព ក្នុងការបង្កើតមុខរបរ ដោះស្រាយការងារ បង្កើនប្រាក់ចំណូល ការបង្កលក្ខណៈងាយស្រួល ការធ្វើដំណើរចល័តទី ការទទួលនូវសេវាអប់រំ សុខាភិបាល សង្គមកិច្ចការចូលរួមសកម្មភាពនយោបាយ និងការអភិវឌ្ឍសង្គម។
ច្បាប់ថ្មីនេះ ក៏ជាការលើកទឹកចិត្ត និងកំណត់កាតព្វកិច្ច ដល់គ្រប់ស្ថាប័នរដ្ឋ ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល ក្នុងការស្រូបទាញ និងប្រើប្រាស់ សក្តានុពលនៃជនមានពិការភាព តាមរយៈការដាក់បញ្ចូលជនមានពិការភាព ទៅក្នុងសកម្មភាពរបស់ខ្លួន ក្នុងទិសដៅធ្វើសមាហរណកម្មជនមានពិការភាព ទៅក្នុងសង្គមជាតិ និងសហគមន៍អន្តរជាតិ៕