អភិបាលខេត្តស្វាយរៀង ប្រាប់អាជ្ញាធរដែលពាក់ព័ន្ធឲ្យរៀបចំសណ្តាប់ធ្នាប់ផ្សារវាយន្តឲ្យបានល្អ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ


(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងប្រាប់រដ្ឋបាលក្រុងស្វាយរៀង អាជ្ញាធរពាក់ព័ន្ធត្រូវបន្តចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅជុំវិញផ្សារវាលយន្តជាបន្តបន្ទាប់ ដើម្បីឱ្យមានសោភណ្ឌភាពក៏ដូចជា សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ការថ្លែងរបស់ឯកឧត្តមអភិបាលខេត្តស្វាយរៀងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ នារយៈពេលកន្លងមកក្នុងកំឡុងឆ្នាំ២០២០ បើទោះជាមានបញ្ហា ប្រឈមនានាបានកើតឡើងជាពិសេសបញ្ហាជកូវីដ១៩ បញ្ហាគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង ប៉ុន្តែបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ រួមជាមួយរដ្ឋបាលខេត្ត សម្រេចបានសមិទ្ធផលល្អប្រសើរជាច្រើន ទាំងការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានប្រកបដោយលទ្ធផលវិជ្ជមានគួឱ្យកត់សម្គាល់ ។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ
*ទី២៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុង
*ទី៣៖ រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ

*ទី៤៖ រដ្ឋបាលក្រុង ស្រុក ត្រូវបង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបន្តណែនាំ អប់រំផ្សព្វផ្សាយ និងទប់ស្កាត់ឲ្យបាននូវការសាងសង់សំណង់អនាធិបតេយ្យ និងសំណង់ផ្សេងៗដែលរំលោភលើដីចំណីផ្លូវ
*ទី៥៖ ត្រូវបន្តរឹតបន្តឹងការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាយដាលនៃជំងឺកូវីដ-១៩ ជាពិសេសការធ្វើចត្តាឡីស័កចំពោះប្រជាពលរដ្ឋមកពីក្រៅប្រទេសឲ្យបានម៉ត់ចត់ និងតឹងរឹងបំផុត ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល
*ទី៦៖ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឲ្យមានប្រសិទ្ធភាព៕