អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យដល់ទីតាំងវិវាទដីធ្លី នៅភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ដើម្បីដោះស្រាយបញ្ចប់ វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ


នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យដល់ទីតាំងវិវាទដីធ្លី នៅភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ដើម្បីដោះស្រាយបញ្ចប់ វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ។
គរបញ្ជាក់ថា ទំនាស់បិទផ្លូវសាធារណៈនេះកើតឡើងតាំងពីឆ្នាំ២០០៥ រហូតបានប្តឹងចូលតុលាការនៅឆ្នាំ២០០៦ និងមានចេញដីកាកិច្ចការប្រញ៉ាប់ ក្នុងការបើកផ្លូវទទឹង០៣ម៉ែត្រ បង្គាប់ឲ្យភាគីម្ខាងទៀតអនុវត្ត ប៉ុន្តែភាគីនោះ មិនព្រមអនុវត្តតាមការសម្រេចរបស់ដីកានោះ រហូតមកទល់ថ្ងៃនេះ។
នៅរសៀលថ្ងៃទី១០ ខែមីនានេះ ត្រូវបានដោះស្រាយបញ្ចប់ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងដោយមានការចូលរួមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងគូរភាគីទាំងសង្ខាង ចូលរួមដោះស្រាយ។ ក្នុងការដោះស្រាយ នោះដែរឯកឧត្តមអភិបាលខេត្ត បានជួយឧបត្ថម្ភថវិកា ៥លានរៀល សម្រាប់ការវាយរបងថ្ម និងរុះរើផ្ទះតៀម ចេញពីផ្លូវសាធារណៈដែលភាគី បានបិទអស់រយៈពេលជាង១៦ឆ្នាំមកហើយ។ ការដោះស្រាយនេះ គូរភាគី បានព្រមព្រៀងទទួលយកទាំងសង្ខាងដោយសេចក្តីរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលខេត្ត រួមទាំងក្រុមការងារទាំងអស់ក្នុងការចុះមកជួយដោះស្រាយជូនពួកគាត់៕