នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ បានអញ្ជើញប្រគល់អង្ករចំនួន១១តោន ម៉ាសចំនួន៤ម៉ឺន ទឹកអាកុលចំនួន២១០លីត្រនិងថវិកាចំនួន៤លានរៀល ជូនដល់ សង្កាត់ទាំង ៧ នៃខណ្ឌឫស្សីកែវ សាលាខណ្ឌឫស្សីកែវ, គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា, សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា និង សមាគមយុវជនមុស្លិមកម្ពុជា ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងគ្រួសារដែលមានជំងឺកូវីដ១៩ ក៏ដូចជាការចូលរួមទប់ស្កាត់ក្នុងការរីកដុះដាលក្នុងសហគមន៍។
ពិធីនេះត្រូវបានធ្វើឡើងនៅមណ្ឌលម៉ូឌែល៥ រាជធានីភ្នំពេញ ដែលអង្ករចំនួន ១១ តោន ជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ។ ដោយឡែក ម៉ាស់ចំនួន ៤ម៉ឺន ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់។ ក្នុងនោះ ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ក៏បានឧបត្ថម្ភនូវទឹកអាកុលចំនួន ២១០លីត្រ ផងដែរ។
អំណោយទាំងនេះ ត្រូវបានប្រគល់ជូនសង្កាត់ទាំង៧ ក្នុងមួយសង្កាត់ទទួលបាន អង្ករចំនួន ១តោន ម៉ាស់ចំនួន៥០០ ទឹកអាកុល ៣០លីត្រ។ ដោយឡែក សាលាខណ្ឌឬស្សីកែវទទួលបានអង្ករចំនួន ២តោន ម៉ាស់ចំនួន ៥០០០ និងថវិកាចំនួន ៤លានរៀល។ ជាមួយគ្នានោះ គណ:ដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទទួលបានអង្ករចំនួន ១តោន សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ទទួលបានអង្ករចំនួន ១តោន និង សមាគមយុវជនមុស្លិមកម្ពុជា ទទួលបានអង្ករចំនួន ១តោន៕















