(ពោធិ៍សាត់)៖ សមាសភាពកិត្តិយសសង្កាត់ចំនួន១៤រូប និងបណ្តាញថ្នាក់ភូមិ១៩៨រូប នៅក្នុងក្រុងពោធិ៍សាត់ ត្រូវបានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការ កាលពីរសៀលថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំនៃសណ្ឋាគារពោធិ៍សាត់សេនជូរី ស្ថិតក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលខេត្ត លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិសមាគមនារី និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់។
លោកស្រី ហ៊ុន ចាន់ធី លោកស្រី ឯម ប៉ុណ្ណា និងលោក ម៉ៅ ធនិន បានសម្តែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សាខាសមាគមនារី ដែលបានរៀបចំពង្រឹងនិងពង្រីករចនាសម្ពន្ធ័ បណ្តាញសមាគមនារីឱ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាពស្ត្រី ជាពិសេសអំពីតួនាទី ឋានៈ ចំណេះដឹងជំនាញ ក៏ដូចចូលរួមដោះស្រាយនូវក្តីកង្វល់ បញ្ហា និងតម្រូវការរបស់ស្ត្រី និងកុមារទូទាំងខេត្ត កាន់តែមានភាពរឹងមាំ និងមានប្រសិទ្ធិភាព។ លោក និងលោកស្រី បានថ្លែងថា ពិធីប្រកាសទទួលស្គាស់សមាសភាព កិត្តិយសថ្នាក់ ឃុំ សង្កាត់ និងបណ្តាញថ្នាក់ភូមិ បានអនុវត្តជាបន្តបន្ទាប់រួចមកហើយ ក្នុងនោះមានស្រុកក្រគរ ស្រុកបាកាន ស្រុកវាលវែង និងស្រុកភ្នំក្រវាញ រួមទាំងក្រុងពោធិ៍សាត់បានចំនួន១២៩១រូប នៅសល់តែស្រុកកណ្តៀងមួយប៉ុណ្ណោះនឹងប្រកាសនៅពេលក្រោយ។ នេះគឺជាការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ នៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែមាន ភាពរឹងមាំ និងត្រឹមត្រូវងាយស្រួល ក្នុងការគ្រប់គ្រងដឹកនាំ ស្របទៅតាមលក្ខន្តិកៈរបស់សមាគមន៍។ លោក និងលោកស្រីបានលើកឡើងទៀតថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាអង្គការមហាជន ដែលបានបង្កើតឡើងតាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងកាលៈទេសៈ ប្រទេសជួបវិបត្តិ នៃសង្គ្រាមបង្កឡើងដោយរបបប្រល័យពូជសាសន៍។ រហូតមកដល់ពេលនេះ សមាគមនារីបាននឹងកំពុងបំផុសបងប្អូននារីគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុងនិងក្រៅប្រទេស រួមគ្នាជាកម្លាំងគាំទ្រ និងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាន់ខ្ជាប់នូវទស្សនៈអ្វីៗទាំងអស់ ដើម្បីសុខុមាលភាពរបស់ស្រ្តី និងកុមារ។ ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ លោក និងលោកស្រី បានសំណូមពរដល់បងប្អូននារី ចូលរួមគ្រប់សកម្មភាព ទាំងការងារចាត់តាំង គ្រប់គ្រង សតិអារម្មណ៍ ត្រូវចៀសវាងដាច់ខាត នូវការចាញ់ល្បិចកលឆរបោក ឃោសនាអកុសល របស់បុគ្គលមួយចំនួន និងត្រូវចេះគៀងគរនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
លោក និងលោកស្រី មានជំនឿជឿជាក់ថា ការពង្រីកបណ្តាញសមាគមនារីនាពេលនេះ ពិតជាមានអត្ថន័យជាប្រវតិ្តសាស្ត្រ ហេតុនេះសូមឱ្យបងប្អូននារីយើង ខិតខំប្រឹងប្រែង និងទទួលខុសត្រូវទាំងថ្នាក់កិតិ្តយស និងទាំងបណ្តាញនៃសង្កាត់ភូមិនីមួយៗ ព្រមទាំងធ្វើការផ្សព្វផ្សាយបានយល់ដឹងអំពីលក្ខន្តិកៈសមាគមនារី ត្រូវចេះគ្រប់គ្រង ដឹកនាំស្វែងរកមូលនិធិសម្រាប់ទ្រទ្រង់សកម្មភាពអនុសាខានិងជួយទៅដល់ជនងាយរងគ្រោះ ដោយប្រការផ្សេងៗបានទាន់ពេលវេលា និងចំគោលដៅ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។