(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងភរិយា លោកស្រី យឹម ឆៃលីន បានផ្តល់ម្សៅទឹកដោះគោដល់ទារក និងកុមារ ៥៧គ្រួសារ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១, ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
អំណោយម្សៅទឹកដោះគោនេះ ត្រូវបានក្រុមការងាររបស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន រួមជាមួយអាជ្ញាធរ បានយកទៅប្រគល់ជូនគ្រួសារទារក និងកុមារអាយុចាប់ពី ១ខែ ដល់ ៣ឆ្នាំ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ។
បើតាមព័ត៌មានពីក្រុមការងារ បានឱ្យដឹងថា ការផ្តល់អំណោយម្សៅទឹកដោះគោ បានធ្វើឡើង បន្ទាប់ពីអាណាព្យាបាលរបស់ទារក និងកុមារទាំង ៥៧គ្រួសារ បានអំពាវនាវតាមរយៈបណ្តាញសង្គមពីការខ្វះខាតម្សៅទឹកដោះគោសម្រាប់កូនៗរបស់ខ្លួន។
បន្ទាប់ពីទទួលបានព័ត៌មានទាំងនេះ ឯកឧត្តម ហ៊ុន ម៉ានី និងភរិយា ក៏បានទាក់ទង និងរៀបចំចាត់ចែងម្សៅទឹកដោះគោ ហើយណែនាំឱ្យក្រុមការងារយកទៅផ្តល់ជូនភ្លាមតែម្តង។
ក្រុមការងារ បានបញ្ជាក់ថា ក្នុងមួយគ្រួសារទទួលបានម្សៅទឹកដោះគោចំនួនពីរកំប៉ុង។ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន ដល់ប្រជាជននៅក្នុងតំបន់ក្រហម ព្រមទាំងការផ្តល់កម្លាំងចិត្តឱ្យមានការតាំងស្មារតីអត់ធ្មត់ឱ្យបានខ្ពស់ក្នុងគ្រាដ៏លំបាកនេះ និងចូលរួមអនុវត្តតាមវិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសគឺការអនុវត្តវិធានការ «៣ការពារ ៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។
អ្នកម្តាយរបស់ទារក និងកុមារ ដែលទទួលបានអំណោយម្សៅទឹកដោះគោ បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន ដែលមានទឹកចិត្តអាណិតអាសូរដល់កូនៗរបស់ពួកគេ ហើយផ្តល់ម្សៅទឹកដោះគោក្នុងពេលពួកគេជួបការលំបាក៕