(ត្បូងឃ្មុំ)៖ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានសេចក្តីសង្វេគ តក់ស្លុតរន្ធត់ចិត្តឥតឧបមា ដោយទទួលដំណឹងថា ឧបាសក ខៀវ សាន់ ត្រូវ ជាឪពុកបង្កើត របស់ឯកឧត្តមសន្តិបណ្ឌិត ដែលបានទទួលមរណភាព នាថ្ងៃ អាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២៣:១៥នាទី ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ។
ការទទួលមរណភាពរបស់ឧបាសក ខៀវ សាន គឺជាការបាត់បង់ឪពុកបង្កើត ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ មហាករុណាទិគុណ សន្តោសប្រោសប្រណីដ៏ថ្លៃថ្លា គ្របដណ្តប់មកលើកូន ចៅ និងជាពុទ្ធសាសនិកជនមួយរូប បរិបូណ៌ដោយសីលធម៌ គុណធម៌ សច្ចៈធម៌ បានបូជាយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធានសម្ភារ ចូលរួមចំណែកដល់ការកសាងសមិទ្ធផលនានាជាច្រើនក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីវឌ្ឍនភាពវិបុលភាព និងការរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ។
ស្ថិតក្នុងបរិយាកាសប្រកបដោយក្តីខ្សឹកខ្សួល រំជួលចិត្តពោរពេញដោយ មហាទុក្ខដ៏ ក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមលំឱនកាយ៍វាចាចិត្តឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ខៀវ សាន សូមបានទៅចាប់បដិសន្ធិក្នុងបរមសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀង ឃ្លាតឡើយ៕
