នារសៀលថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញប្រគល់ម៉ាស់ចំនួន ១០.០០០ ម៉ាស់ អាកុលចំនួន ៦០០លីត្រ មីចំនួន ២០០កេស និងទឹកសុទ្ធចំនួន ២០០កេស ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជូនដល់រដ្ឋបាលស្រុកអង្គស្នួល សម្រាប់ទុកចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាក និងខ្វះខាតក្នុងមូលដ្ឋាន ក្នុងពេលដែលរាជរដ្ឋាភិបាលមានវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះ ឯកឧត្តមកិតិ្តសង្គហបណ្ឌិត បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ចំពោះសមាជិកក្រុមប្រឹក្សាឃុំ និងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋទូរទាំងស្រុកអង្គស្នួល និង
សូមឲ្យអាជ្ញាធរត្រូវមានវិធានការ ចុះអប់រំណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវគោរពតាមការណែនាំនានារបស់ក្រសួងសុខាភិបាល អនុវត្តន៍វិធានការ៣កុំ ៣ការពារ និងត្រូវផ្សព្វផ្សាយឲ្យបានរហ័ស និងទូលំទូលាយដល់ប្រជាពលរដ្ឋនូវវិធានការនានា របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ពិសេសត្រូវពន្យល់ណែនាំអំពីទោសទណ្ឌនៃការល្មើស បម្រាមជៀសវាងបងប្អូនប្រព្រឹត្តខុសនាំមានទោស ។
ឯកឧត្តមកិតិ្តសង្គហបណ្ឌិត បានស្នើដល់អាជ្ញាធរត្រូវបង្កើនការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនក្នុងមូលដ្ឋាន ពិសេសលើកត្តាសុខភាព និងជីវភាព មិនត្រូវទុកឱ្យបងប្អូនឈឺស្លាប់ដោយមិនបានបញ្ជូនទៅព្យាបាល ឬអត់ឃ្លានស្លាប់ដោយអត់ស្បៀងអាហារឡើយ ត្រូវធ្វើការរាយការណ៍ដល់ថ្នាក់លើជាបន្ទាន់ដើម្បីរួមគ្នាដោះស្រាយ ក្នុងដំណាក់កាលនេះមានតែកិច្ចសហការ និងការចូលរួមរវាងបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទេ ទើបអាចចូលរួមបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈនេះបាន ជាពិសេសអាជ្ញាធរត្រូវអនុវត្តការងាររបស់ខ្លួនដោយភាពទន់ធ្លន់ តែត្រូវម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីសុខមាលភាព និងសុវត្ថិភាពរបស់ប្អូនក្នុងមូលដ្ឋាន
សូមជួយពន្យល់ និងជំរុញបងប្អូន ដែលត្រូវទទួលបានការចាក់វ៉ាក់សាំង ឲ្យបានទៅចាក់គ្រប់ៗគ្នា និងសូមឲ្យមានការជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានលះបង់ទាំងកម្លាំងកាយ ចិត្ត មិនខ្លាចការនឿយហត់ដើម្បីសុខទុក្ខបងប្អូនទូទាំងប្រទេស។


