(ភ្នំពេញ)៖ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាព រដ្ឋសភាកម្ពុជា-ជប៉ុន បានទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២១ «The Order of the Rising Sun, Gold and Silver Star» ពីរដ្ឋាភិបាលជប៉ុន បន្ទាប់ពីរូបលោកបានរួមចំណែកធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន។
រដ្ឋាភិបាលជប៉ុន បានប្រកាសជាផ្លូវការពីការផ្តល់ជូននូវគ្រឿងឥស្សរិយយសនេះជូនឯកឧត្តម ឈាង វុន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ ដែលគ្រឿងឥស្សរិយយស និទាឃរដូវ «The Order of the Rising Sun, Gold and Silver Star» ជាឥស្សរិយយសដែលរដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់ជូនឥស្សរជនបរទេសជាបុគ្គលមាន គុណសម្បត្តិ ដើម្បីជាការទទួលស្គាល់នូវកិច្ចការបម្រើជាតិ ឬបម្រើសង្គមរបស់ឥស្សរជនទាំងនោះ និងជាការសម្តែងនូវការគោរព និងកោតសរសើរចំពោះស្នាដៃលេចធ្លោរបស់បុគ្គលឆ្នើមទាំងនោះក្នុងវិស័យផ្សេងៗនៅក្នុងសង្គម។
ក្នុងសាលិខិតអបអរសាទររបស់ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាជូនឯកឧត្តម ឈាង វុន ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ឱ្យដឹងថា គ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold and Silver Star» ត្រូវប្រគល់ជូនដើម្បីជាការតបស្នងនិងទទួល ស្គាល់ការចូលរួមវិភាគទានរបស់ឯកឧត្តម ឈាង វុន ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងកិច្ចប្រឹងប្រែងរបស់ឯកឧត្តម ឈាង វុន នៅក្នុងការលើកកម្ពស់ ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងសមាជិកសភានៃប្រទេសទាំងពីរនាពេលកន្លងមក។
ជាមួយគ្នានេះឯកឧត្តម MOTEGI Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន មានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែងក៏បានផ្ញើសារជូនពរ និងអបរសាទរជូនចំពោះ ឯកឧត្តម ឈាង វុន ផងដែរ។
ឯកឧត្តម MIKAMI Masahiro ក៏បានបង្ហាញក្តីសង្ឃឹមថា នឹងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមរួមគ្នាជាមួយឯកឧត្តម ឈាង វុន បន្តទៀត ប្រកបដោយភាពជិតស្និទ្ធជាទីបំផុត ដើម្បីពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ក៏ដូចជាចំណងមិត្តភាពជាប្រពៃណីរវាងជប៉ុន និងកម្ពុជាបន្ថែមទៀត៕