ឯកឧត្តម ហេង សួរ នាំអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩


(កំពង់ចាម)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅប្រគល់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។

អំណោយទាំងនោះមានដូចជា៖ ម៉ាសចំនួន ៥០.០០០ម៉ាស, ឧបករណ៍តេស្តរហ័សចំនួន ២.៥០០, មីងចំនួន ១០០កេស, សម្លៀកបំពាក់ការពារ PPE ចំនួន៥.០០០ អាវ, និងមួកចំនួន ៥.០០០មួក។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានផ្ដល់អំណោយឲ្យមកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩៕