នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកអភិបាលរងខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធមួយចំនួន និងកងកម្លាំងទាំងបីបាន ចុះសួរសុខទុក្ខ និងបាននាំយកសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនផ្ដល់ជូនក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងមន្ទីរពេទ្យបង្អែកស្រុកមេសាង ខេត្តព្រៃវែង។
សម្ភារនេះបានចែកជូនក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ និងលោកគ្រូ អ្នកគ្រូពេទ្យក្នុងស្រុកទាំងពីរ នាព្រឹកនេះ សម្រាប់ប្រើប្រាស់ចាំបាច់បឋម ជាមួយថវិកាមួយចំនួន ដើម្បីសម្រាលដល់ទុក្ខលំបាកខ្លះៗ ដែលជាការគាំទ្រ និងលើកទឹកចិត្តជាពិសេស ក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩ នេះ។
ឯកឧត្ដម អភិបាលខេត្ត សូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង និងសូមជៀសផុតពីជំងឺកូវីដ-១៩នេះ ទាំងអស់គ្នា៕







