ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន អញ្ជើញធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី-តំបន់


ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យឯកឧត្តម Jon Lambe ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំអាស៊ាន និងលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ កាលពីថ្ងៃ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដី បានមានប្រសាសន៍ស្វាគមន៍ឯកឧត្តមឯកអគ្គរាជទូត និងសហការី ដែលបានអញ្ជើញធ្វើទស្សនកិច្ចមកកាន់កម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី-តំបន់ ។ ជាពិសេសផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអង់គ្លេស ដែលបានផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រួមមានកម្ពុជាផងដែរ។ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ និងឈានដល់ការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចទាំងអស់។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជំនឿយ៉ាងមុតមាំថា ការឈានទៅរកប្រក្រតីភាពថ្មី គួបផ្សំជាមួយនឹងសមិទ្ធផលចម្បងៗក្នុងវិស័យពាណិជ្ជកម្ម ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្មសម្រេចបានថ្មីៗនេះ នឹងក្លាយជាកាតាលីករថ្មី ដើម្បីពង្រឹងពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងវិញយ៉ាងឆាប់រហ័ស ហើយភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត សំដៅសម្រេចបាននូវកាលានុវត្តភាព និងសក្តានុពលពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរនាពេលអនាគត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹង របស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (PEDs) ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលកម្ពុជាបានដាក់ចេញ ដោយបានមានប្រសាសន៍ថា កម្ពុជាស្វា គមន៍ចំពោះការគាំទ្រពីចក្រភពអង់គ្លេស ដែលជាប្រទេសដៃគូសន្ទនាដ៏សំខាន់របស់អាស៊ាន ដើម្បីអាចចូលរួមជាមួយកម្ពុជា ក្នុងការអនុវត្តសមិទ្ធផល អាទិភាពសេដ្ឋកិច្ចទាំងអស់ ឱ្យបានជោគជ័យជាផ្លែផ្កា ជាពិសេសក្នុងក្របខ័ណ្ឌ នៃការអនុវត្តផែនការសកម្មភាព រវាងអាស៊ាននិងដៃគូសន្ទនា នានារួមមាន ចក្រភពអង់គ្លេស លើវិស័យកិច្ចសហប្រតិបត្តិការ ដូចជាការធ្វើពាណិជ្ជកម្មឌីជីថល ការជំរុញសហគ្រិនភាពជាស្ត្រី ការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs) ការជំរុញលើការធ្វើកសិកម្មប្រកបដោយចីរភាព ទេសចរណ៍ បដិសណ្ឋារ កិច្ច និងវិស័យសេវាកម្មពាក់ព័ន្ធដទៃទៀត ។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះវឌ្ឍនភាពរីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិ ជ្ជកម្ម ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ ក៏ដូចជាតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ព្រមទាំងបានគូសបញ្ជាក់ ពីការគាំទ្ររបស់ចក្រភពអង់គ្លេស ក្នុងការសហការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីអាចសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច ដែលកម្ពុជាបានដាក់ចេញ ប្រកបដោយជោគជ័យ និង កសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពរឹងមាំ។ ជាពិសេសភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើន៕