អង្ករចំនួន ០៣តោន បានផ្តល់ជូនប្រជាពលរដ្ឋសាសនិកឥស្លាមនៅក្នុងភូមិទួលសំបួរ និងភូមិគីឡូ៣ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម


ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជ.សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា រួមនិង ឯកឧត្តម វេជ្ជ. ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកមេឃុំព្រែកកក់ និងលោកវេជ្ជ. ម៉ាន សារី អនុប្រធានក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជាប្រចាំខេត្តកំពង់ចាម អាជ្ញាមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយអង្ករហ្សាកាត់ ក្នុងខែបួសរ៉ាម៉ាឌន ជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត ចំនួន ២៨៤គ្រួសារ ស្ថិតនៅក្នុងភូមិទួលសំបួរ និងភូមិគីឡូ៣ ឃុំព្រែកកក់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ឯកឧត្តមវេជ្ជ. បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំល្អ រក្សាសន្តិភាព និងធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឱ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងដូសជំរុញអោយបានគ្រប់ៗគ្នា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ជំងឺកូវីដ១៩ ។ ជាពិសេស ត្រូវរក្សាសន្តិភាព ហើយអុំ ពូមី កុំភ្លេចទៅបោះឆ្នោតទាំងអស់នាពេលខាងមុខនេះ ។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ សរុប អង្ករ ០៣តោន ក្រោមកិច្ចសហការជាមួយមូស្លីមហេលហ្វិន និងសមាគមនិស្សិតមុស្លិមកម្ពុជា ។