(ភ្នំពេញ)៖ ស្ថានីយ៍រថភ្លើងចាស់ឈ្មោះទួលលាប ដែលបានទ្រុឌទ្រោមអស់ នៅភូមិទួលលាប សង្កាត់ស្នោរ ខណ្ឌកំបូល ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កសាងជាសាលាមត្តេយ្យថ្មីមួយយ៉ាងស្រស់ស្អាត។
អគារថ្មីនេះ មានឈ្មោះថា «សាលាមត្តេយ្យសិក្សាសហគមន៍ ហោ ណាំហុង» ត្រូវបានកសាងឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។ ក្រៅពីការឧបត្ថម្ភអគារសាលាមត្តេយ្យសិក្សាសហគមន៍ ហោ ណាំហុង ដែលមានមួយខ្នង និងភ្ជាប់ដោយបន្ទប់ទឹកមួយផងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភ និងរៀបចំតុ កៅអីសម្រាប់ កុមារា កុមារីអង្គុយសិក្សា។ បច្ចុប្បន្ននេះ អគារដែលលាបពណ៌បៃតងខ្ចី ផ្តល់ឲ្យកុមារក្នុងសហគមន៍ជិត ២០នាក់ ឲ្យសិក្សាបានក្នុងលក្ខណៈទូលំទូលាយ និងងាយស្រួលទៀតផង។
ស្ថិតនៅតាមបណ្តោយផ្លូវរទេះភ្លើង អាគារទ្រុឌទ្រោម គឺជាអតីតចំណតរទេះភ្លើង ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្លាប់រស់នៅទីនេះកាលពីកុមារភាព ដែលមានឪពុកជានាយស្ថានីយ៍រថភ្លើងនេះ។
ដោយសារមានអនុស្សាវរីយ៍កាលពីកុមារភាពមក និងដោយសារចង់ឲ្យកុមារនៅតំបន់នេះ ទទួលបានការបណ្តុះបណ្តាលតាំងពីវ័យនៅក្មេង ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សម្រេចបរិច្ចាគថវិកាសាងសង់អគារសម្រាប់សាលាមត្តេយ្យសិក្សាសហគមន៍មួយនេះតែម្តង។
ដោយយកគំរូតាមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តែងតែធ្វើការងារមនុស្សធម៌ជាប់ជានិច្ច។ ជាក់ស្តែង ការជួយដល់សាលាមត្តេយ្យសិក្សាសហគមន៍មួយនេះ និងជួយលើការងារមនុស្សធម៌ ដល់សង្គមជាតិជាច្រើនទៀត បានកើតចេញពីក្តីអាណិតអាសូរ និងទឹកចិត្តសប្បុរស ដែលលោកបានរៀនធ្វើតាមសម្តេចតេជោ។
បើតាមឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ការបង្កើតមត្តេយ្យសិក្សាសហគមន៍ ផ្តល់អាទិភាពជូនតំបន់ដែលមានតម្រូវការជាក់លាក់ ផ្អែកលើទីតាំងភូមិសាស្រ្តជាដើម និងតំបន់ដែលមានអត្រាចុះឈ្មោះចូលរៀននៅបឋមសិក្សានៅទាប។ ឯកឧត្តមបន្តថា សេវាអប់រំកម្រិតមត្តេយ្យសិក្សាមាន ១៖ មត្តេយ្យសិក្សារដ្ឋ, ២៖ មត្តេយ្យសិក្សាសហគមន៍ និង៣៖ មត្តេយ្យសិក្សាឯកជន៕