សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ជាប្រទេសមានអ្នកឆ្លងជំងឺកូវីដ១៩ តិចជាងគេ ក្នុងតំបន់អាស៊ាន


(វ៉ាស៊ីនតោន)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ តិចជាងគេបំផុត នៅក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជាង២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានឹងធ្លាក់ក្នុងមហន្តរាយកូវីដ១៩ បើមិនមានវិធានការត្រឹមត្រូវ ហើយប្រជាពលរដ្ឋមិនចូលរួមទេនោះ។ ដូច្នេះ នយោបាយវ៉ាក់សាំងនៅកម្ពុជា ទទួលបានជោគជ័យ ដោយសារវ៉ាក់សាំង មិនមានបែងចែកនិន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ និងសាសនានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានខិតខំស្រោចស្រង់ប្រជាពលរដ្ឋខ្មែរ ឱ្យរួចផុតពីគ្រោះមរណៈ ខណៈចំនួនតួលេខជនរងគ្រោះដែលស្លាប់ដោយសារជំងឺនេះ គឺមានចំនួនតិចតួច បើប្រៀបធៀបនឹងប្រទេសជឿនលឿន កម្ពុជាមានចំនួនតិច អីឡូវនេះប្រទេសនៅក្នុងអាស៊ាន កម្ពុជាជាប្រទេសទី១០ ដែលឆ្លងតិចជាងគេ ដែលមានចំនួនអ្នកតែងជាង១៣ម៉ឺននាក់ យើងបានប្រឹងប្រែងកាត់បន្ថយការស្លាប់ដោយសារជំងឺកូវីដ អីឡូវនេះការស្លាប់ស្ទើរអត់មាន១ខែហើយ»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសប្រ៊ុយណេ មានប្រជាពលរដ្ឋត្រឹម៤៤ម៉ឺននាក់ ចំនួនអ្នកឆ្លងបានឡើងដល់១៤ម៉ឺននាក់ ក្នុងពេលដែលកម្ពុជា មានប្រជាពលរដ្ឋ១៧លាននាក់ គឺអ្នកឆ្លងត្រឹម ១៣ម៉ឺននាក់ និងឡាវ មានអ្នកឆ្លង២០ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋ៧លាននាក់។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការសប្បាយរីករាយក្រោយបានឃើញប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ បាននាំគ្នាដើរលេងសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប៉ុន្តែ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំ ចំនួនតួលេខអ្នកឆ្លងជំងឺកូវីដ១៩ មានការធ្លាក់ចុះជាលំដាប់ រហូតមកពេលនេះថ្ងៃខ្លះគ្មានអ្នកឆ្លងជំងឺសូម្បីតែម្នាក់ ខណៈចំនួនអ្នកជាសះស្បើយបានបន្តធ្លាក់ចុះជាលំដាប់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥១៨,៩៧៧,៤៨៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,២៨១,៨០៨នាក់ និងជាសះស្បើយឡើងវិញ ៤៧៣,៧៧១,១៨៥នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន៕