អភិបាលខេត្តកែប ណែនាំដល់ក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងខេត្ត ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានកាន់តែប្រសើរ


(កែប)៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំ និងក្រើនរំលឹកដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ក្នុងទូទាំងខេត្ត សម្រាប់អាណត្តិទី៥នេះ ទោះបីសមាសភាពមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ត្រូវឈរលើគោលការច្បាប់ ធ្វើជាតំណាងឲ្យប្រជាពលរដ្ឋ ខិតខំបំពេញ តួនាទី ភារកិច្ច ក្នុងការគ្រប់គ្រង់ចាត់ចែកកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបតម្រូវការ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដោយស្មើភាព យុត្តិធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ការថ្លែងរបស់ឯកឧត្តម សោម ពិសិដ្ឋ ធ្វើឡើងក្នុងឱកាស ប្រកាសសមាសភាពសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលទើបទទួលបានអាសនៈ នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើង នៅសាលាឃុំពងទឹក ស្រុកដំណាក់ចង្អើរ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ ពិធីនេះ ក៏មានការចូលរួមពីឯកឧត្តម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរ ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

ឯកឧត្តម សោម ពិសិដ្ឋ បានជំរុញឲ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្ត ត្រូវសម្រួចឆន្ទៈក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ដ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំសង្កាត់របស់ខ្លួន ពិសេសយកចិត្ដទុកដាក់អនុវត្ដឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា របស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខឲ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។

ទន្ទឹមនេះ ឯកឧត្តម សោម ពិសិដ្ឋ បានថ្លែងអបអរសាទរ ចំពោះមេឃុំ ជំនប់ និងក្រុមប្រឹក្សាទាំងអស់ នៅឃុំពងទឹក ក៏ដូចជាខេត្តកែបទាំងមូល ដែលទទួលបាននូវទំនុកចិត្ត និងស្រឡាញ់ពេញចិត្តពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅថ្មីៗនេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជា់ថា កម្ពុជាចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តាំងពីឆ្នាំ២០១២មកម្លេះ តាមគោលការណ៍ប្រជាធិបតេយសេរីពហុបក្ស មកដល់ពេលនេះ បានចំនួន៥អាណត្តិរួចមកហើយ ហើយរាល់ការបោះឆ្នោតនីមួយៗ ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិ វាយតម្លៃថា ដំណើការប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា កាន់តែវិវត្តន៍រីកចម្រើនជាលំដាប់ ដែលបញ្ជាក់ឲ្យឃើញ នូវអត្ថន័យយ៉ាងជ្រាវជ្រៅ នូវប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា រួមមាន៖

*១៖ ការពង្រឹង ពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន
*២៖ ការនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា តាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ អំណាច ធនធាន សិទ្ធិស្វ័យសម្រេច ពីថ្នាក់ជាតិ មករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ
*៣៖ ការលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ៕