ឯកឧត្តម ទៀ សីហា អនុញ្ញាតឱ្យឯកឧត្តម Park Sungjin អគ្គកុងស៊ុលកូរ៉េខាងត្បូង ប្រចាំខេត្តសៀមរាប ជួបសម្តែងការគួរសមមុនពេលបញ្ចប់អាណត្តិ


(សៀមរាប)៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យឯកឧត្តម Park Sungjin អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនពេលបញ្ចប់អាណត្តិអគ្គកុងស៊ុលប្រចាំខេត្ត។

ថ្លែងក្នុងពិធីសំណេះសំណាល នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម Park Sungjin បានសម្តែងការកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏ដូចពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តសៀមរាប លើកិច្ចអភិវឌ្ឍន៍នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងបរិបទកូវីដ១៩។ ការកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងសៀមរាប ដែលជាក្រុងគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្ត ហើយក៏ជាទីក្រុងមួយ ដែលមានការអភិវឌ្ឍន៍ជឿនលឿនទៀតផងដែរ។

ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរ ពីភាពយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការងារសុខភាពសាធារណៈ សំខាន់ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដោយមិនបានប្រកាន់ពូជសាសន៍ព័រណ៍សម្បុលដោយឥតគិតថ្លៃសំខាន់ប្រជាជនកូរ៉េ នៅកម្ពុជាបានចាក់គ្រប់ៗគ្នាផងដែរ។ ម៉្យាងវិញទៀត ក៏បានយកចិត្តទុកដាក់លើសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាជនកូរ៉េ ហើយដែលមានប្រជាជនកូរ៉េ ប្រមាណ ២ពាន់នាក់កំពុងរស់នៅប្រកបមុខរបរការងារអាជីកម្មនៅខេត្តសៀមរាប។ បញ្ហាវិបត្តិកូវីដ១៩ បានធ្វើឲ្យមានភាពអសកម្មលើកិច្ចទំនាក់ទំនងសហប្រតិបត្តការរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី នៃសាធារណរដ្ឋកូរ៉េជាមួយខេត្តសៀមរាប។ នៅពេលខាងមុខនេះ ការហោះហើរត្រង់ពីកូរ៉េមកកាន់ខេត្តសៀមរាប និងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ និងធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍ចូលមកកាន់ខេត្តសៀមរាប និងមានភាពប្រសើរឡើងវិញ។

ឯកឧត្តម ទៀ សីហា បានលើកឡើងថា ក្នុងរយៈពេល៣ឆ្នាំមកនេះ លោកអគ្គកុងស៊ុល បានធ្វើកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អ ជាមួយរដ្ឋបាលខេត្តសៀមរាប និងទទួលបានលទ្ធផលជាផ្លែផ្កាគួឲ្យកត់សម្គាល់។ ក្នុងពេលកន្លងមក អគ្គកុងស៊ុល ក៏បានធ្វើការសម្របសម្រួលនូវការងារមួយចំនួនជាមួយបណ្តាខេត្ត ក្រុងចងសម្ព័ន្ធមេត្រីភាព ជាមួយខេត្តសៀមរាប។ ចំពោះកិច្ចទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្ត ក្រុងសម្ព័នមេត្រីជាមួយខេត្តសៀមរាប ដែលបានអសកម្មកន្លងមកដោយបញ្ហាជំងឺកូវីដ១៩ ធ្វើឱ្យមានការអាក់ខានក៏ពិតមែន តែកិច្ចសហប្រតិបត្តិការទំនាក់ទំនងក៏រដ្ឋបាលខេត្តសៀមរាប នៅតែបន្តរក្សានូវចំណងមេត្រីភាពទៅមុខជានិច្ច។ ដោយឡែកនៅខែតុលាខាងមុខ រដ្ឋបាលខេត្តសៀមរាប រៀបចំក្រុមប្រតិភូមួយ ដឹកនាំដោយលោកអភិបាលខេត្តផ្ទាល់ ទៅបន្តការចុះហត្ថលេខាកិច្ចការយោគយល់គ្នារវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី ក្នុងការរឹតចំណងមិត្តភាពនៃប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តមបន្តថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក លើវិស័យអប់រំ សុខាភិបាល កសិកម្ម ការផ្តល់អាហារូបករណ៍ទៅសិក្សា ព្រមទាំងការផ្តល់នូវសម្ភារៈផ្សេងៗជាច្រើនទៀត សំខាន់ក្រុងស៊ូវ៉ុន ក៏បានបង្កើតភូមិមិត្តភាពស៊ូវ៉ុន នៅភ្នំក្រោម ព្រមទាំងសាងសង់ អគារសិក្សាថ្នាក់បឋម អនុវិទ្យាល័យ និងវិទ្យាល័យផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានជម្រុញដល់វិស័យទេសចរណ៍ ចូលមកកម្ពុជានៅថ្ងៃខាងមុខ តាមជើងហោះហើរឆ្ពោះត្រង់មកខេត្តសៀមរាប នឹងធ្វើឲ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប មានការរីកចម្រើនឡើងវិញ ក្រោយពីបញ្ចប់វិបត្តិជំងឺកូវីដ១៩៕