ឯកឧត្តមបណ្ឌិត ថោង ខុន៖ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវរួចរាល់មុនស៊ីហ្គេម ១០០ថ្ងៃ


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC នៅថ្ងៃទី១១ ខែតុលានេះ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ និងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលគាំទ្រដល់ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយឯកឧត្តមបានជំរុញការរៀបចំការងារនេះ ត្រូវរួចរាល់ ១០០ថ្ងៃ មុនព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំខាងលើថា ចាប់ពីដើមឆ្នាំ២០២៣ តទៅ រាល់ការរៀបចំត្រៀមស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវរួចរាល់ទាំងអស់ ពិសេសហេដ្ឋារចនាសម្ព័ន្ធ ទាំងក្នុង និងក្រៅ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្របពេលកម្ពុជា នឹងរៀបចំនូវកម្មវិធី Cambodia Ready មានន័យថា កម្ពុជារួចរាល់សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាកម្មវិធីមួយ មុនកម្មវិធីរាប់ថយក្រោយ ១០០ថ្ងៃ។

ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធគាំទ្រពហុកីឡដ្ឋានជាតិមរតកតេជោខាងលើ មានផ្លូវថ្នល់ ប្រព័ន្ធលូ ទឹក-ភ្លើង និងផ្សេងៗទៀត ។ ដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈការធ្វើបទបង្ហាញរបស់មន្ដ្រីជាន់ខ្ពស់សាលាក្រុង បានលើកឡើងពីផ្លូវ ២ខ្សែ ដែលត្រូវតភ្ជាប់ពីគល់ស្ពានជ្រោយចង្វារ មកមហាវិថីឈ្នះឈ្នះ និងពហុកីឡដ្ឋានជាតិមរតកតេជោ ហើយកំពុងដំណើរការសាងសង់យ៉ាងរលូន រួមទាំងផ្លូវរណបមួយចំនួនទៀត ដូចជាផ្លូវជាតិលេខ៥ និងលេខ៦ សម្រាប់បម្រើឲ្យព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា «តាមរយៈវឌ្ឍនភាពនេះ យើងមិនមានការបារម្ភពីការកក់ស្ទះទេ ហើយផ្លូវទាំងអស់នេះ មានការកំណត់ពេលវេលាច្បាស់លាស់ មុនពេលវេលាស៊ីហ្គេមមកដល់ ត្រូវរួចអស់ហើយ។ សូម្បីមហាវិថីឈ្នះឈ្នះ ក៏ត្រូវបានអ៊ុតកៅស៊ូស្អាត មានគំនូសត្រឹមត្រូវ យើងធ្វើជាលក្ខណៈមួយឲ្យឃើញហេដ្ឋារចនាសម្ព័ន្ធទាំងអស់ លេចចេញជាសោភ័ណ្ឌភាពច្បាស់លាស់ ទាំងការរៀបចំបង្គោលភ្លើងជាដើម រដ្ឋបាលរាជធានីភ្នំពេញ បានធានាក្នុងការរៀបចំការងារនេះអស់ហើយ ចំពោះមុខឯកឧត្តមបណ្ឌិតរដ្ឋមន្ដ្រី ដើម្បីឯកឧត្តមរាយការណ៍ជូនសម្ដេចពិជ័យសេនា»។

«ជាមួយគ្នា យើងក៏ត្រៀមរៀបចំផ្លូវ SEA Games Lane បានន័យថា ផ្លូវសម្រាប់តែប្រតិភូ និងកីឡាករ-កីឡាការិនីស៊ីហ្គេមប៉ុណ្ណោះ។ ការបើកបរផ្សេងៗ ដែលមិនមានអាទិភាពត្រូវប្រើប្រាស់ផ្លូវរណបផ្សេងៗ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ មិនបង្កគ្រោះថ្នាក់ ក្នុងគោលបំណងឲ្យប្រតិភូ អត្តពលិកមកប្រកួតទាន់ពេលវេលា។ ដូច្នេះហើយទើបយើងរៀបចំក្រោមកិច្ចសហការរបស់គណៈកម្មាធិការជាតិ CAMSOC និងអាជ្ញាធរ ដើម្បីជំរុញឲ្យមហាព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ»។ លោក វ៉ាត់ ចំរើន បន្ថែម។

សម្រាប់ ២ខ្សែ ដែលត្រៀមកំណត់ជាផ្លូវ SEA Games Lane ទី១-ផ្លូវចេញពីគល់ស្ពានជ្រោយចង្វារ ឆ្ពោះទៅមហាវិថីឈ្នះ មកទល់ពេលនេះ បានសាងសង់រួចរាល់ភាគច្រើន និងទី២-ផ្លូវចេញពីគល់ស្ពានជ្រោយចង្វារ កាត់តាមតំបន់អភិវឌ្ឍន៍ OCIC ដែលសាងសង់រួចរាល់ជាង ៦០% ហើយតាមគម្រោងនឹងសាងសង់រួចរាល់មុន ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ៕