នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបពិភាក្សាការងារជាមួយសេនានុព័ន្ធចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា


ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយលោក វរសេនីយ៍ឯក JAMIE MURRAY សេនានុព័ន្ធចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅសាធារណរដ្ឋសិង្ហបុរី។

 

ក្នុងជំនួបនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស សេន បានជម្រាបជូនសេនានុព័ន្ធចក្រភពអង់គ្លេស ពីសភាពការណ៍មួយចំនួននៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងគ្របដណ្ដប់ដោយសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ សន្តិសុខល្អប្រសើរ បង្កលក្ខណៈគ្រប់បែបយ៉ាងដល់ការអភិវឌ្ឍ និងការវិនិយោគ។

 

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា ដែលមកដល់ពេលនេះគ្រប់គ្រងបានល្អ រាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញយ៉ាងទូលំទូលាយ បង្កលក្ខណៈងាយស្រួលដល់ការចេញចូលក្នុងប្រទេស។

 

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសដែលមានតាំងពីឆ្នាំ១៩៥៣ ហើយបច្ចុប្បន្នអង់គ្លេសនៅតែបន្តរួមចំណែកអភិវឌ្ឍន៍ដល់កម្ពុជា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល ការបោសសម្អាតមីន និងវិស័យអប់រំ ពិសេសការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ។

 

ជាមួយនឹងការថ្លែងអំណរគុណ​ចំពោះ​ជំនួយ​ឧបត្ថម្ភ​របស់ចក្រភព​អង់គ្លេស ឯកឧត្តមនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ ក៏បានលើកឡើង​នូវ​សំណូមពរ​មួយចំនួនតាមរយៈ​សេនានុព័ន្ធ ក្នុង​នោះការបង្កើតឲ្យមាននិវេសនដ្ឋានយោធាចក្រភពអង់គ្លេសនៅកម្ពុជា និងការជួយ​បណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ជាដើម។

 

ជាការឆ្លើយតប វរសេនីយ៍ឯក JAMIE MURRAY បានសន្យាថានឹងនាំយកសំណូមពររបស់ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ទៅជម្រាបជូនដល់ក្រុមការងារនៅចក្រភពអង់គ្លេស និងបានអបអរសាទរចំពោះជោគជ័យការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនោះក៏មានការចូលរួមយ៉ាងសកម្មរបស់កងយោធពលខេមរភូមិន្ទផងដែរ។

 

វរសេនីយ៍ឯក JAMIE MURRAY បានគូសបញ្ជាក់ថា ទោះបីទំនាក់ទំនងយោធារវាងប្រទេសទាំងពីរមានរយៈពេលខ្លី ប៉ុន្តែមានលក្ខណៈរីកចម្រើនជាលំដាប់ ហើយថ្មីៗនេះអង់គ្លេសបានទទួលនិស្សិតយោធាកម្ពុជាមួយរូបឲ្យទៅសិក្សានៅចក្រភពអង់គ្លេស និងបច្ចុប្បន្នកំពុងបន្តជួយបណ្ដុះបណ្ដាលឆ្នាំសមុទ្រ និងនិស្សិតដែលត្រៀមទៅសិក្សានៅប្រទេសព្រុយណេ។

 

លោក វរសេនីយ៍ឯក JAMIE MURRAY បានជម្រាបជូនឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន ថា នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ នាវារបស់ចក្រភពអង់គ្លេសមួយគ្រឿងនឹងចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ក្រោមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ហើយលោក វរសេនីយ៍ឯក បានគោរពអញ្ជើញនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ចូលរួមក្នុងកម្មវិធីទទួលនាវានោះផងដែរ៕