ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញគន្លឹះ៤ ដែលនាំឱ្យជោគជ័យក្នុងជីវិតសិក្សា ក៏ដូចជាជីវិតការងារ


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីវេន របស់គណបក្សប្រជាជនកម្ពុជា បានចែករំលែក និងលើកបង្ហាញគន្លឹះចំនួន៤ ដែលនាំឱ្យជីវិតសិក្សា និងជីវិតការងារអាចទទួលបានជោគជ័យ។

គន្លឹះទាំង៤នោះរួមមាន៖
១៖ ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗជាច្រើនរួមផ្គុំគ្នា
២៖ ការខិតខំប្រឹងប្រែងព្យាយាមតស៊ូ ជាកត្តាសំខាន់នៃភាពជោគជ័យ
៣៖ ភាគជោគជ័យពេលខ្លះអាចប្រើពេលវេលាយូរអង្វែង ដូច្នេះទាមទានូវការអំណត់អត់ធន់
៤៖ ការកំណត់គោលដៅច្បាស់លាស់ និងបន្តទៅមុខជានិច្ចរហូតសម្រេចបាននូវគោលដៅនោះ ទោះជាត្រូវប្រឈមនឹងបញ្ហាជាច្រើនតាមផ្លូវក៏ដោយ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចែករំលែកនូវគន្លឹះទាំងនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការនៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។

នៅក្នុងពិធីចែកសញ្ញាបត្រនោះ អនាគតនាយករដ្ឋមន្ត្រីកម្ពុជាដែលបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសរូបនេះ បានចែករំលែកបទពិសោធន៍មួយចំនួនទាំងជីវិតការសិក្សា និងជីវិតការងារ ដើម្បីជាទុនសម្រាប់និស្សិតបញ្ចប់ការសិក្សាយកទៅប្រតិបត្តិនៅក្នុងជីវិតរបស់ពួកគេ។

អនាគតនាយករដ្ឋមន្ត្រីដែលកំពុងមានប្រជាប្រិយភាពរូបនេះ បានគូសបញ្ជាក់ថា បទពិសោធន៍ទាំងក្នុងជីវិតសិក្សា និងជីវិតការងារមិនខុសនោះឡើយ។ សម្រាប់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គន្លឹះទាំង៤ ដែលបានលើកបង្ហាញ គឺជាធាតុដ៏សំខាន់ ដើម្បីសម្រេចបានជោគជ័យក្នុងជីវិតសិក្សា​ និងជីវិតការងារ៕