លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ចូលរួមចំណែកទស្សនាទានចំនួន ៣ចំណុច ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅកម្ពុជា


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣០ ប្រចាំឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅសាលសន្នីសិទ្ធចតុមុខ រាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ៍ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ។
អនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០នាឱកាសនេះ មានការយាង និមន្ត និងអញ្ជើញចូលរួមពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះរាជាគណៈគ្រប់ឋានុក្រម ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ថេរានុត្ថេរៈ ថ្នាក់ដឹកនាំ សមាជិក សមាជិការព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមន្រ្តីរាជការតាមបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្ត តំណាងឯកអគ្គរាជទូត-រដ្ឋទូត ថ្នាក់ដឹកនាំបរិស័ទនៃសាសនាឥស្លាម គ្រឹះសានា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ៤៥០អង្គ-នាក់។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា៖ អនុសំវច្ឆរមហាន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស កំពុងប្រារឰធ្វើនាពេលនេះ គឺប្រព្រឹត្ដទៅប្រកបដោយមហាសាមគ្គីភាពដ៏ទូលំទូលាយ និងស្និទ្ធស្នាលបំផុត ក្នុងវិស័យសាសនា ស្របពេលទៅនឹងស្ថានភាពដែលប្រជាជនកម្ពុជាយើង មានស្ថានភាពល្អប្រសេីរលេីការគ្រប់គ្រងកូវីដ១៩​ ការរស់នៅក្នុងប្រទេសមួយពោរពេញទៅដោយសុខសន្ដិភាព វិបុលភាព សុភមង្គល មានសិទ្ធិសេរីភាពខាងជំនឿសាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់ដ៏ត្រជាក់ របស់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ព្រះករុណាព្រះបាទសមេ្ដចព្រះបរមនាថ នរោត្ដម សីហមុនី និងក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣០ ឆ្នាំ២០២២នេះ​ បានចេញផ្សាយនូវ​សង្ឃប្រកាសទាំងពីរគណៈ​ នូវចំនួន​ ៧ចំណុច​ ផងដែរ​ ។
លោកជំទាវក៏បានចូលរួមចំណែកប្រគេន និងផ្តល់នូវទស្សនាទានមួយចំនួន ៣ចំណុច ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅកម្ពុជា​រួមមាន ៖
ទី១-សូមគណៈសង្ឃគ្រប់លំដាប់ថ្នាក់ ព្រមទាំងសាសនាផ្សេងៗទៀត ប្រកាន់យកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការល្អថែមទៀត ជាមួយក្រសួងធម្មការ និងសាសនា មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ដ ដើម្បីសហការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ឋផលល្អ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។
ទី២-ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយក ត្រូវយកចិត្ដទុកដាក់ពង្រឹងគុណភាពអប់រំ និងការប្រតិបត្តិ ពិសេសសាលាពុទិ្ឋកសិក្សាគ្រប់កម្រិត ទាំងថ្នាក់ធម្មវិន័យ ឱ្យក្លាយជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាព ប្រសិទ្ធភាព ផ្នែកព្រះធម៌វិន័យ ភាសាបាលី សំស្ក្រឹត និងចំណេះដឹងទូទៅ។
ទី៣-ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយក ត្រូវសហការគ្នាបង្កើតឯកសារគតិយុត្តិថ្មីៗបន្ថែមទៀត ដើម្បីគ្រប់គ្រងព្រះពុទ្ធសាសនា សំដៅរក្សានូវវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង ពិសេស តម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ៕