សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបុគ្គល ប៊ុត ប៊ុនតិញ ចេញមុខបកស្រាយរឿងផឹកស្រាក្រហម និងដឹកស្ត្រីមេម៉ាយចេញពីវត្តភ្នំសិរី នៅសហរដ្ឋអាមេរិក


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យបុគ្គល ប៊ុត ប៊ុនតិញ ដែលស្លៀកស្បង់ចីវរជាព្រះសង្ឃ ចេញមុខបកស្រាយជុំវិញរឿងផឹកស្រាក្រហម ហើយដឹកស្ត្រីមេម៉ាយចេញពីវត្តភ្នំសិរី នៅសហរដ្ឋអាមេរិក។

ការប្រកាសឱ្យចេញមុខបកស្រាយ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានទទួលវីដេអូឃ្លីបមួយពីបុគ្គលម្នាក់ដែលសម្តេចហៅថា «ស្រគាល» ដែលចង់ឱ្យសម្តេចចោទសួរទៅកាន់បុគ្គល ប៊ុត ប៊ុនតិញ ដែលសម្តេចបានហៅថា «អាខ្មៅ» អំពីករណីនេះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ប្រវែងជាង ៤៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «អាខ្មៅ ! គួរចេញបកស្រាយទៅអាខ្មៅ ! មុនម៉ោង១២យប់ តើស្រីមេម៉ាយនៅជាមួយនរណា ប្រសិនបើរឿងហ្នឹងមែន ព្រោះគេចង់ចោទទៅលើ “ស្រគាល” ហ្នឹងថា ផឹកស្រាក្រហមហើយដឹកស្រីមេម៉ាយចេញទៅ ចុះស្រីមេម៉ាយមុនម៉ោង១២យប់នៅជាមួយនរណា ឬនៅជាមួយអាខ្មៅ ឬអាខ្មៅវាមានស្រីមេម៉ាយ ហើយអន់ចិត្តលើស្រគាលហ្នឹង?»

ជាមួយនឹងការស្នើឱ្យបកស្រាយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តរិះគន់បុគ្គល ប៊ុត ប៊ុនតិញ ដែលតែងលើកខ្លួនឯងថាជាអ្នកឆ្លាតនៅពេលទៅនៅសហរដ្ឋអាមេរិកថ្មីថ្មោង ហើយថាអ្នកដែលទៅសហរដ្ឋអាមេរិកជំនាន់មុនថាជាមនុស្សល្ងង់ផងដែរ៕