(ប៉ៃលិន)៖ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយក្រុមការងារ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ។
ឯកឧត្តម សៅ សារ៉ាត់ បានថ្លេងថា លោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរាខេត្តប៉ៃលិន និងឯកឧត្តមនាយឧត្តមសេនីយ៍ អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាលលោកជំទាវ និងឯកឧត្តម តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។
ឯកឧត្តមអ្នកតំណាងរាស្ត្រ បានលើកឡើងថា មូលនិធិនេះបានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយ ដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតបាន ក៏ដូចជា៖ ការជួយលើកកម្ពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយ លោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឱ្យប្រព្រឹត្តិតែអំពើល្អ។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានអំពាវនាវដល់ ដល់លោកយាយ លោកតា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ ការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍នូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល។
លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធិចាស់ជរានាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប្រធានមូលនិធិ ដែលបានឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានធូស្រាលមួយកម្រិតផងដែរ។
សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយ លោកតានៅការិយាល័យតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយមូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៥០នាក់ដោយ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕