ជំនន់ទឹកភ្លៀងបង្កឱ្យប៉ះពាល់ស្រូវប្រាំងរបស់ប្រជាកសិករជាង១ម៉ឺនហិកតា នៅខេត្តតាកែវ អភិបាលខេត្តណែនាំដល់អាជ្ញាធមូលដ្ឋាន ត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះពលរដ្ឋ


(តាកែវ)៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានឱ្យដឹងថា យ៉ាងហោចណាស់មានស្រូវប្រាំងរបស់ប្រជាកសិករនៅក្រុង ស្រុកចំនួន៤ ដែលមានទំហំជាង១ម៉ឺនហិកតា បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅរដូវប្រាំង។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្រុង ស្រុកទាំង៤ ដែលរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅរដូវប្រាំងនេះ រួមមាន៖ ស្រុកទ្រាំង, ស្រុកសំរោង, ស្រុកអង្គបុរី និងក្រុងដូនកែវ ដែលសរុបផ្ទៃដីមានចំនួនជា១ម៉ឺនហិកតា បានទទួលរងផលប៉ះពាល់ដោយក្នុងនោះជួយសង្រ្គោះបានចំនួន ៣០០ហិកតា ខូចខាតទាំងស្រុងចំនួន ១០ហិកតា។

ឯកឧត្តម អ៊ុច ភា បានបន្តថា ក្នុងនាមអាជ្ញាធខេត្ត លោកបានចុះពិនិត្យដល់តំបន់ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ភ្លៀង និងបានណែនាំដល់មន្ត្រីកសិកកម្ម មន្រ្តីធនធានទឹក អាជ្ញាធមូលដ្ឋានត្រូវបន្តតាមដាន និងវាយតម្លៃឱ្យបានត្រឹមត្រូវពីផលប៉ះពាល់ដោយទឹកជំនន់ភ្លៀងដែលមិនធ្លាប់ជួបប្រទះនៅរដូវប្រាំង ជាពិសេសអាជ្ញាធមូលដ្ឋានត្រូវតែត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងករណីទឹកឡើងខ្លាំង ដើម្បីបើកផ្លូវទឹក និងត្រៀមជម្លៀសប្រជាពលរដ្ឋចេញពីតំបន់លិចទឹកទៅកាន់ទីទួលមានសុវត្ថិភាព។

ឆ្លៀតនៅក្នុងឱកាសនោះឯកឧត្តម អ៊ូច ភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមសហការជាមួយអាជ្ញាធរ និងត្រូវមានប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ភ្លៀងនេះ ជៀសវាងមានការធ្វេសប្រហែសដែលនាំឱ្យបាត់បង់ទ្រព្យសម្បត្តិ ឬអាយុជីវិត៕