រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ ជួបសំណេះសំណាលជាមួយ សកម្មជនយុវជនគណបក្ស ក្នុងផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សរាជធានីសរុប១៥០០នាក់


(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ មានការរៀបចំ «ពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា សកម្មជនយុវជនគណបក្ស ក្នុងផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សរាជធានី ដែលជាវិនិយោគិន ពាណិជ្ជករ អាជីវករ ផលិតករ អ្នកធុរកិច្ចទីផ្សារបណ្តាញវេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាក ឆ្មប ទន្តពេទ្យ អ្នកលក់ឱសថ អ្នកអភិវឌ្ឍន៍ដីធ្លីនិងសំណង់ អ្នកវាយតម្លៃ-ភ្នាក់ងារអចលនវត្ថុ អ្នកប្រកបផលរបរកសិកម្ម អ្នកប្រកបអាជីវកម្មសេវាដឹកជញ្ជូន អ្នកប្រកបអាជីវកម្មសេវាកម្មធនាគារនិងហិរញ្ញវត្ថុ អ្នកប្រកបអាជីវកម្មសេវាស្នាក់នៅ ភ្នាក់ងារទេសចរណ៍ អ្នកបម្រើសេវា នៅតាមមណ្ឌលកម្សាន្ត ក្លឹប រង្គសាល ខារ៉ាអូខេ បៀរហ្កាឌិន ភោជនីយដ្ឋាន និងអាហារដ្ឋាន»

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានី និងឯកឧត្ដម ឡី សុភាព ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងជាប្រធានផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សរាជធានី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាសមាជិក-សមាជិកា ជាសកម្មជនយុវជនគណបក្សរាជធានី អញ្ជើញមានវត្តមានចូលរួមក្នុងអង្គពិធីសរុប១៥០០នាក់ ។

បន្ថែមលើការពាំនាំប្រសាសន៍ផ្តាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស និងឯកឧត្ដម ឃួង ស្រេង ប្រធានគណបក្សរាជធានី សេចក្តីរាយការណ៍ ការប្តេជ្ញាចិត្ត និងការគោរពដឹងគុណដល់ថ្នាក់ដឹកនាំគណបក្សរបស់ ឯកឧត្ដម ឡី សុភាព ប្រធានផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សរាជធានី ឯកឧត្ដម នួន ផារ័ត្ន បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសកម្មជនយុវជនបក្សទាំងអស់ ដែលតែងតែផ្តល់ជំនឿចិត្ត ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រួមចំណែកឱ្យគណបក្សទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ នៅទូទាំងប្រទេស នាពេលកន្លងមក។

ទន្ទឹមនេះ ឯកឧត្ដម នួន ផារ័ត្ន ក៏បានចែករំលែកអំពីតួនាទី ភារកិច្ចរបស់សកម្មជនយុវជនបក្ស និងសារៈប្រយោជន៍នៃការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាពិសេស លោកបានគូសបញ្ជាក់បន្ថែមអំពីប្រវត្តិ ស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់គណបក្សក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាជន ទាំងក្នុងពេលអតីតកាលដោយរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តការពារប្រជាពលរដ្ឋមកដល់បច្ចុប្បន្នកាល តាមរយៈការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្ដមបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជាបានរក្សាបាននូវលំនឹងសេដ្ឋកិច្ច-សង្គម សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ តាមរយៈការដឹកនាំកិច្ច ប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃកម្ពុជា ខណៈពេលដែលពិភពលោកទាំងមូល កំពុងស្ថិតក្នុងការប្រឈមជាមួយវិបត្តិជាច្រើន ទាំងបញ្ហាភូមិសាស្រ្តនយោបាយ និងបញ្ហាសេដ្ឋកិច្ច។

ផ្អែកលើកត្តាសត្យានុម័ត ដែលមានទាំងបទពិសោធន៍ពីអតីតកាល និងស្ថានភាពក្នុងបច្ចុប្បន្នកាលនេះឯកឧត្ដម នួន ផារ័ត្ន ជឿជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប្រជាពលរដ្ឋទាំងអស់នឹងបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្ស បានបន្តសកម្មភាពបម្រើប្រជាពលរដ្ឋ ព្រមទាំងកសាងសមិទ្ធផលនានា និងអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ សកម្មជនយុវជនគណបក្ស ក្នុងផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សរាជធានីទាំង១៥០០នាក់ បានប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្ស និងចេញមុខការពារ ផ្តល់ភាពយុត្តិធម៌ជូនគណបក្ស និងថ្នាក់ដឹកនាំគណបក្ស ហើយប្រឆាំងដាច់ខាតចំពោះការចោទប្រកាន់របស់អ្នកនយោបាយអគតិ ដែលតែងតែរិះរកវិធីសាស្រ្តក្នុងការបំភ្លៃ និងបំផ្លាញកិត្តិយសរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា៕