(កំពង់ចាម)៖ ដើម្បីលើកទឹកចិត្តដល់សិស្សពូកែ និងសិស្សដែលទើបប្រលងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បាននាំយករង្វាន់ម៉ូតូ ថវិកា និងអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនសិស្សានុសិស្សចំនួន ១,៣៣៣នាក់ ក្នុងនោះសិស្សនិទ្ទេស A ចំនួន ១៣នាក់ ព្រមទាំងលោកគ្រូ-អ្នកគ្រូ ឪពុកម្តាយ-អាណាព្យាបាលសិស្សនិទ្ទេស A ផងដែរ។
ពិធីប្រគល់ និងទទួល ត្រូវបានរៀបចំឡើងនៅទីស្នាក់ការគណបក្សស្រុកបាធាយ និងព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ងួន សុជាតិ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តម ឡេង តុង ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម, លោក លោកស្រី សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន, ក្រុមប្រឹក្សា និងគណៈអភិបាលស្រុកទាំងពីរ, លោក ផេន សុផល អភិបាល នៃគណៈអភិបាលស្រុកបាធាយ លោក ខេង ម៉េងឈុន អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ លោក លោកស្រី ប្រធានការិយាល័យអង្គភាពចំណុះ និងជុំវិញស្រុកទាំងពីរ, មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា មេឃុំ នាយក-នាយិកា, លោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១២, លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធទាំងបី, លោក លោកស្រី ក្រុមគ្រូពេទ្យ, អាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្សនៃស្រុកទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និង ការអបអរសាទរចំពោះសិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២។ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល អាជ្ញាធរស្រុក និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ស្រាវជ្រាវ បំពាក់បំប៉នបន្ថែម ជួយឧបត្ថម្ភគាំទ្រ និងរៀបចំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងអំឡុងពេល ប្រឡងបានយ៉ាងល្អប្រសើរ ធ្វើឱ្យការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅទូទាំងស្រុកទាំងពីរ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការតស៊ូខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូត ទទួលបានជោគជ័យរបស់សិស្សៗ មិនត្រឹមតែជាមោទនភាពសម្រាប់ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាមោទនភាព សម្រាប់ស្រុកបាធាយ និងព្រៃឈរទាំងមូលផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពាំនាំនូវការផ្តាំផ្ញើការសួរ សុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ ក្មួយៗ និងចៅៗទាំងអស់។
បន្ថែមពីលើនោះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ដែលថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣កន្លងទៅ ដើម្បីធ្វើឱ្យការអប់រំនៅក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ កាន់តែល្អប្រសើរថែមទៀតក្នុងឆ្នាំសិក្សាថ្មីនេះ។
សូមបញ្ជាក់ថា រង្វាន់ដែលបានយកទៅប្រគល់ជូននាឱកាសនោះ មានដូចខាងក្រោម៖
* ស្រុកបាធាយ៖
១៖ ផ្តល់ម៉ូតូ ម៉ាកហុងដា Wave ចំនួន ០៥គ្រឿង ជូនសិស្សនិទ្ទេស A ចំនួន ៥នាក់។ ក្នុងនោះ ម៉ូតូ ៣គ្រឿង ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា តាមរយៈលោក ហេង សួរ រដ្ឋលេខាធិកាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រៅពីម៉ូតូ ក៏បានប្រគល់ថវិកាជូនពួកគេក្នុងមួយនាក់ ៥ម៉ឺនរៀល។
២៖ ឧបត្ថម្ភថវិកាម្នាក់ ៣០ម៉ឺនរៀល សម្រាប់សិស្សៗ ដែលទទួលបាននិទ្ទេស B ចំនួន ៣៧នាក់ ។
៣៖ ឧបត្ថម្ភថវិកាមួយនាក់ ៥ម៉ឺនរៀល សម្រាប់សិស្សចំនួន ៥៨៣នាក់ ដែលទទួលបាននិទ្ទេស C, D និង E។
៤៖ ឧបត្ថម្ភថវិកាជូនលោកនាយក លោកស្រីនាយិកា នាយករង នាយិការង វិទ្យាល័យទាំង៥ ចំនួន ១៦នាក់ ក្នុងមួយនាក់ ៥ម៉ឺនរៀល។
៥៖ ឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូ វិទ្យាល័យទាំង៥ ចំនួន ៨៥នាក់ ក្នុងមួយនាក់ ៥ម៉ឺនរៀល។
៦៖ ឧបត្ថម្ភថវិកាជូនមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចំនួន ១១នាក់ ក្នុងមួយនាក់ ៥ម៉ឺនរៀល។
៧៖ ឧបត្ថម្ភថវិកាជូន លោក លោកស្រី អាណាព្យាបាលសិស្សនិទ្ទេស A ចំនួន ៥នាក់ ក្នុងមួយនាក់ ៥ម៉ឺនរៀល
៨៖ ឧបត្ថម្ភថវិកាជូនក្រុមគ្រូពេទ្យ ចំនួន ០៥នាក់ ក្នុងមួយនាក់ ៣ម៉ឺនរៀល និង
៩៖ ឧបត្ថម្ភថវិកាជូនលោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាល ប្រធានការិយាល័យ អង្គភាពចំណុះ និងជំវិញស្រុក និងមេឃុំ ចំនួន ៥៦នាក់ ក្នុងមួយនាក់ ២ម៉ឺនរៀល។
* ស្រុកព្រៃឈរ៖
១៖ ផ្តល់ម៉ូតូម៉ាក ហុងដា Wave ចំនួន ០៨ គ្រឿង ជាមួយថវិកាម្នាក់ ៥ម៉ឺនរៀល សម្រាប់សិស្ស ៨នាក់ ដែលទទួលបាននិទ្ទេសA។
២៖ ឧបត្ថម្ភថវិកាមួយនាក់ ៣០ម៉ឺនរៀល សម្រាប់សិស្សដែលទទួលបាននិទ្ទេស B ចំនួន ៥១នាក់។
៣៖ ឧបត្ថម្ភថវិកាមួយនាក់ ៥ម៉ឺនរៀល សម្រាប់សិស្សចំនួន ៦៦២នាក់ ដែលទទួលបាននិទ្ទេស C, D និង E ។
៤៖ ឧបត្ថម្ភថវិកាជូនលោកនាយក លោកស្រីនាយិកា នាយករង នាយិការង វិទ្យាល័យទាំង៦ ចំនួន ១៥នាក់ ក្នុងមួយនាក់ ៥ម៉ឺនរៀល។
៥៖ ឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូ វិទ្យាល័យទាំង៦ ចំនួន ៧៤នាក់ ក្នុងមួយនាក់ ៥ម៉ឺនរៀល។
៦៖ ឧបត្ថម្ភថវិកាជូនមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចំនួន ១៣នាក់ ក្នុងមួយនាក់ ៥ម៉ឺនរៀល។
៧៖ ឧបត្ថម្ភថវិកាជូន លោក លោកស្រី អាណាព្យាបាលសិស្សនិទ្ទេស A ចំនួន ៨នាក់ ក្នុងមួយនាក់ ៥ម៉ឺនរៀល
៨៖ ឧបត្ថម្ភថវិកាជូនក្រុមគ្រូពេទ្យ ចំនួន ០៥នាក់ ក្នុងមួយនាក់ ៣ម៉ឺនរៀល និង
៩៖ ឧបត្ថម្ភថវិកាជូនលោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាល ប្រធានការិយាល័យ អង្គភាពចំណុះ និងជំវិញស្រុក និងមេឃុំ ចំនួន ៦៣នាក់ ក្នុងមួយនាក់ ២ម៉ឺនរៀល។
ក្រៅពីនេះឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានប្រកាសផ្តល់អាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ២៥កន្លែង ក្នុងនោះស្រុកព្រៃឈរ ទទួលបានចំនួន ១៥កន្លែង និងស្រុកបាធាយ ទទួលបាន ១០កន្លែង សម្រាប់និស្សិតក្រីក្រ។ អាហារូបករណ៍ទាំងនេះ ក្រុមការងារបានប្រគល់ជូនសិស្សរួចរាល់ហើយ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ នៅថ្នាក់មហាវិទ្យាល័យបន្តទៀត ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជា សំដៅពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យក្លាយទៅជាសសរទ្រូងឆ្នើម របស់ប្រទេសជាតិ។ ជាពិសេស បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ និងការពារខ្លួនពីការឆ្លងជម្ងឺកូវីដ១៩ ព្រមទាំងជំងឺផ្សេងទៀត តាមរយៈការរក្សាអនាម័យ និងអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន និងណែនាំបងប្អូន កូន ក្មួយ ដែលគ្រប់អាយុត្រូវចាក់វ៉ាក់សាំង ឱ្យទៅចាក់ឱ្យបានគ្រប់ដូសគ្រប់ៗគ្នា និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ខណៈគ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ៕