ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ទទួលស្វាគមន៍មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានទទួលស្វាគមន៍លោកឧត្តមសេនីយ៍ទោ ដាវីដ ណីអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី និងគណៈប្រតិភូ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចលេខ៧០។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងអំណរគុណចំពោះដំណើរបំពេញទស្សនកិច្ចរបស់ លោកឧត្តមសេនីយ៍ទោ ដាវីដ ណីអូ (David Neo) និងគណៈប្រតិភូ និងបានវាយតម្លៃថា តាមរយៈដំណើរទស្សនកិច្ចនេះពិតជានាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

ឯកឧត្តមមេបញ្ជាការកងពលតូចលេខ៧០ បានបន្ដទៀតថា ពាក់ព័ន្ធដល់ទំនាក់ទំនងកម្ពុជា សិង្ហបុរី បានលើកឡើងពីការវិវត្តរីកចម្រើន នៃកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាល ការជួយកម្ពុជាសមាហរណកម្មចូលក្នុងតំបន់ ទាំងវិស័យធនធានមនុស្ស សេដ្ឋកិច្ច និងបច្ចេកវិទ្យា ជាដើម។

ជាការឆ្លើយតបលោកឧត្តមសេនីយ៍ទោ ដាវីដ ណេអូ (David Neo) បានសំដែងការអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងបានគាំទ្រចំពោះការវាយតម្លៃ លើកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងបានបញ្ជាក់ពីជំហរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពទាំងពីរបន្ថែមទៀតនាពេលអនាគត។

លោកមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី បានគូសបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ក្នុងនោះបានធ្វើការផ្លាស់ប្ដូរទស្សនកិច្ចពីគ្នាទៅវិញទៅមក ការជួយដល់កម្លាំងកងទ័ពពិសេស និងកងកម្លាំងផ្នែកផ្សេងៗទៀត៕