(ភ្នំពេញ)៖ រយៈពេល៣ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ប្រមាណ ៨៧២ ០៤៩នាក់ ដែលបានហោះហើរមកពីប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបុរី ឡាវ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុង។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលដែលបានប្រាប់ឱ្យដឹង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។
ឯកឧត្តមបានឱ្យដឹងផងដែរថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ ចំនួនជើងហោះហើរនៅកម្ពុជា បានកើនឡើងដល់ ៦៦៩៩ជើង។
ដោយឡែកគិតត្រឹមក្នុងខែមីនា អ្នកដំណើរដែលចូលមកកម្ពុជាតាមអាកាសយានដ្ឋានទាំងបី មានចំនួន ៣១៣ ០៦៧ កើនឡើង១១% ខណៈចំនួនជើងហោះហើរមានចំនួន ២ ៤៦៤ជើង កើនឡើង១៥% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣។
សម្រាប់ក្នុងខែមីនានេះ អ្នកដំណើរមកពីប្រទេសចិន មានចំនួន ៤១ ០៦៤នាក់ កើនឡើង ៣៤% និងចំនួនជើងហោះហើរកើនឡើង ដល់៤១០ជើង កើន២៩% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣, អ្នកដំណើរមកពីប្រទេសថៃ ប្រហាក់ប្រហែលនឹងខែមុន ក្នុងចំនួន១០៣ ៣៧៨នាក់, មកពីប្រទេសវៀតណាមមានចំនួន ៣៥ ២៥៩ នាក់ កើនឡើង២៧%, មកពីប្រទេសមីយ៉ាន់ម៉ា មានចំនួន ១ ៣៦៥នាក់ កើនឡើង៤៨%, មកពីប្រទេសហ្វីលីពីន មានចំនួន៤ ៨៩៥នាក់ កើនឡើង១១%, មកពីម៉ាឡេស៊ី មានចំនួន ៣៦ ៨៩១នាក់ កើនឡើង១៤% ,មកពីប្រទេសសិង្ហបុរី មានចំនួន៤៣ ៨៩៧នាក់ កើនឡើង៥% , មកពីប្រទេសកូរ៉េខាងត្បូងមានចំនួន ២៤ ៨២០ កើនឡើង ២០%, មកពីតៃវ៉ាន់មានចំនួន១៤ ៥៩១នាក់ កើនឡើង២% និងមកពីតំបន់ពិសេសហុងកុង មានចំនួន ៥ ៥០៨នាក់ ថយចុះ១%។
បើតាមអាកាសចរស៊ីវិលបច្ចុប្បន្ននេះប្រតិបត្តិការដឹកជញ្ជូននៅអាកាសយានដ្ឋានអន្តរជាតិទាំងបី ធ្វើឡើងជាមួយប្រទេសចំនួន១១ប្រទេស និងមានក្រុមហ៊ុនអាកាសចរណ៍មានចំនួន២៦ កំពុងប្រតិបត្តិការហោះហើរប្រចាំសប្តាហ៍៕