(ភ្នំពេញ)៖ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្ដរជាតិតេជោ សម្រេចការសាងសង់ បានជាង៤៦% ខណៈអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ សម្រេចការសាងសង់បានជាង ៩២% និងអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ សម្រេចការសាងសង់បានជាង ៩០%។
ថ្លែងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងថា ការងារសាងសង់រួម នៃអាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) សម្រេចបានជាង ៤៦ភាគរយ ជាការវិនិយោគ ក្នុងភាពជាដៃគូរវាងរដ្ឋ (SSCA) និងឯកជនដោយក្រុមហ៊ុន OCIC ដោយចំណាយទឹកប្រាក់សរុបមកដល់ពេលនេះ អស់ចំនួន ៦៥២លានដុល្លារ។
ឯកឧត្តម បានបន្ថែមទៀតថា អាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) គ្រោងដាក់ឲ្យសម្ពោធជាផ្លូវការ នៅក្នុងពាក់កណ្ដាលឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ឯកឧត្តមបន្ដថា ក្រុមហ៊ុនបានសាងសងផ្លូវតភ្ជាប់ពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន ដែលមានទទឹងប្រវែង៦០ម៉ែត្រ កាត់ផ្លូវជាតិលេខ២ រហូតដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) ដែលមានប្រវែង១៣.៥គីឡូម៉ែត្រ សម្រេចបាន៣៨ភាគរយ។
ដោយឡែកសម្រាប់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ការងារសាងសង់រួម គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សម្រេចបានជាង ៩២ភាគរយនៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបមកដល់ពេលនេះ អស់ចំនួន ៩៦៩លានដុល្លារ។
ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ គ្រោងនឹងដាក់ឲ្យសម្ពោធជាផ្លូវការ នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។
ចំពោះអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ការងារសាងសង់រួម សម្រេចបានជាង៩០.៥ភាគរយ នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ អស់ចំនួន១៨០លានដុល្លារ (គម្រោងវិនិយោគសរុប ២០០លានដុល្លារ)។
ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ គ្រោងនឹងដាក់ឲ្យដំណើរការសាកល្បង យ៉ាងយូបំផុតនៅពាក់កណ្ដាល ឆ្នាំ២០២៣ ប្រសិនបើគ្មានការរំខានពីកត្តាផ្សេងៗ។ ដោយឡែក ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ គួបផ្សំនឹងប៉ះពាល់បន្ទាប់បន្សំពីកត្តាផ្សេងៗ កិច្ចដំណើរការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានពន្យាពេលម្តងហើយ ម្តងទៀតរហូតមកដល់ពេលនេះ៕