(កំពត)៖ ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, អនុប្រធានទី១ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបើកការប្រកួតថ្ងៃចុងក្រោយលើប្រភេទវិញ្ញាសាចម្ងាយ ៨០០ម៉ែត្រ និងបិទការប្រកួតទាំងស្រុងលើការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹក ក្នុងក្រុងកំពត ខេត្តកំពត ដែលត្រូវបានចាប់ផ្តើមការប្រកួតតាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា, ប្រធានក្រុមប្រឹក្សាខេត្តកំពត, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត, លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ព្រមទាំងទស្សនិកជនជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្ដែងក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសម្ដែងនូវការអបអរសាទរចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលទទួលបានជ័យលាភីពីការប្រកួតដ៏ស្វិតស្វាញនេះ ព្រមទាំងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ «គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពត បញ្ជាការរដ្ឋានកងទ័ពជើងទឹក និងមន្ទីរ-អង្គភាពនានាជុំវិញខេត្តទាំងអស់» ដែលបានខិតខំរៀបចំកម្មវិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពអធិកអធម និងមហោឡារឹក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យត្រចះត្រចង់គួរជាទីមោទនៈ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្រ្តរបស់កម្ពុជា បន្ទាប់ពីខកខានអស់រយៈពេលជាង ៦៤ឆ្នាំមក ដោយបញ្ហាសង្គ្រាមដ៏រ៉ាំរ៉ៃ ពុំមានសុខសុខសន្តិភាពពេញលេញ។ ហេតុដូច្នេះហើយទើបគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ បានសម្រេចជ្រើសរើសពាក្យស្លោកប្រកបដោយអត្ថន័យជ្រាលជ្រៅថា «កីឡារស់ក្នុងសន្តិភាព»។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នៅក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដែលបាននាំឱ្យប្រទេសកម្ពុជា ទទួលបាននូវការឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ពីការផ្លាស់ប្ដូរជាវិជ្ជមាន ទាំងទិដ្ឋភាព នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះ ក៏បានរួមចំណែកបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ការធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច និងការទទួលបានទំនុកចិត្ត ពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (32nd SEA Games, 2023 ) នៅឆ្នាំ២០២៣ នាពេលនេះ។
«បើគ្មានសន្តិភាពទេ នោះយើងក៏មិនអាចរៀបចំព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តដ៏សំខាន់នេះបានឡើយ។ ហេតុនេះហើយយើងទាំងអស់គ្នាត្រូវខិតខំថែរក្សារ និងការពារសន្តិភាព ឱ្យបានជាដាច់ខាត។ យើងសូមដឹងគុណ និងអរគុណ [សន្តិភាព] ជាពិសេស គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក មគ្គុទេសក៍ឯក ជាប្រតិបត្តិករនៃនយោបាយ ឈ្នះ ឈ្នះ និងជាបិតានៃសន្តិភាព»។ នេះជាការគូសរំលេចរបស់លោក ប៉ាន សូរស័ក្តិ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះគណៈប្រតិភូដឹកនាំ ក្រុមកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» តាមបណ្តាប្រទេស អាស៊ីអាគ្នេយ៍ ដែលបានដឹកនាំកីឡាករ-កីឡាការិនីរបស់ខ្លួនមកចូលរួមប្រកួតនាពេលនេះ គឺជាឱកាសដ៏ល្អ និងការបង្រួបបង្រួមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងការកសាងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ផលប្រយោជន៍រួម តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ និងការយល់ដឹងរវាងគ្នាទៅវិញទៅមក។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់មន្រ្តីបច្ចេកទេសជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការកាត់សេចក្តី ជូនដល់កីឡាករ-កីឡាការិនី ដោយភាពយុតិ្តធម៌ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងភាពទទួលខុសត្រូវខ្ពស់ ធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក។
សូមបញ្ជាក់ថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ មានវិញ្ញាសាសរុបចំនួន១៣ ហើយកីឡាករ កីឡាការិនី កម្ពុជាយើងទទួលបានមេដាយសរុបចំនួន ៨គ្រឿង ក្នុងនោះរួមមាន៖
* មេដាយមាសចំនួន ០២គ្រឿង លើវិញ្ញាសា បុរស ៥នាក់ សម្រាប់ចម្ងាយ ៥០០ម៉ែត្រ និង ៨០០ម៉ែត្រ
* មេដាយប្រាក់ ចំនួន ០២គ្រឿង លើវិញ្ញាសា នារី ៣នាក់ អាយុក្រោម២៤ សម្រាប់ចម្ងាយ ២៥០ម៉ែត្រ និងបុរស៥នាក់ អាយុក្រោម២៤ ចម្ងាយ ២៥០ម៉ែត្រ
* មេដាយសំរិទ្ធ ចំនួន ០៤គ្រឿង លើវិញ្ញាសា ចំរុះបុរសនារី ១២នាក់ អាយុក្រោម២៤ សម្រាប់ចម្ងាយ ៥០០ម៉ែត្រ, វិញ្ញាសាចំរុះបុរសនារី ១២នាក់ មិនកំណត់អាយុ ចម្ងាយ ៨០០ម៉ែត្រ, វិញ្ញាសាបុរស១២នាក់ អាយុក្រោម២៤ ចម្ងាយ ៥០០ម៉ែត្រ និងវិញ្ញាសាបុរស១២នាក់ មិនកំណត់អាយុ ចម្ងាយ ៨០០ម៉ែត្រ
បន្ទាប់ពីបញ្ចប់ការប្រកួតគ្រប់វិញ្ញាសា ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញបំពាក់មេដាយជូនដល់កីឡាករ-កីឡាការិនី ដែល ទទួលបានជ័យលាភី និងបានចូលរួមជាអធិបតីក្នុងពិធី ជប់លៀងអបអរសាទរ ជូនដល់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ជាតិ និងអន្តរជាតិ ប្រកដោយភាពរីករាយស្និតស្នាលបំផុត។
ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រគល់ប័ណ្ណថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តកំពត បញ្ជាការដ្ឋានកងទ័ពជើងទឹក ប្រធានជនបង្គោលស័្មគ្រចិត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានា ព្រមទាំងជូនវត្ថុអនុស្សាវរីយ៍មន្ត្រីគណៈកម្មការបច្ចេកទេសទាំងជាតិ និងអន្តរជាតិទាំងអស់ដែលបានចូលរួមតាមដានពិនិត្យវាយតម្លៃ និងកាត់សេចក្តីប្រកបដោយភាពយុត្តិធម៌ត្រឹមត្រូវ លើការប្រកួតតាំងពីថ្ងៃចាប់ផ្តើមដំបូង រហូតដល់ថ្ងៃបញ្ចប់៕