ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៣ នេះ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៏ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ នាព្រឹកថ្ងៃទី២០ឧសភា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការ និងប្រជាជន ចំនួន ៦.០០០នាក់ ។
លោកឃួង ស្រេង បានឧទ្ទិសថ្ងៃ២០ឧសភាឲ្យស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់ និងប្រឆាំងដាច់ខាតរាល់ឧបាយកល់ណាមួយដែលមានបំណងរុញកម្ពុជាឲ្យធ្លាក់ចូលគ្រោះប្រល័យពូជសាសន៏ជាថ្មី ក៏ដូចជាការប៉ុនប៉ងបំផ្លាញសន្តិភាព ដែល សម្តេចតេជោហ៊ុន សែន បានដឹកនាំស្វែងរកបានដោយលំបាក។
ក្នុងពិធីនេះ ក្រុមសិល្បៈករ បានសម្តែងនូវឈុនឆាកដ៏សាហាវព្រៃផ្សៃរបស់របស់បនក្បត់ប៉ុលពត ដែលបានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងព្រៃផ្សៃបំផុត ដែលធ្វើអោយអ្នកចូលរួមកម្មវិធីនេះទប់ទឹកភ្នែកមិនបាន។មានតំណាងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឡើងរំលឹកការឈឺចាប់ក្នុងរបបខ្មែរក្រហម៣ឆ្នាំ៨ខែនិង២០ថ្ងៃដ៏មហាឃោរឃៅផងដែរ។
២០ ឧសភា បាន ក្លាយជាថ្ងៃកាន់មរណៈទុក្ខដែលប្រជាជនកម្ពុជា បាន ចារឹក ជាប់ក្នុងបេះដូង មិន អាច បំភ្លេច បាន នូវអំពើដ៏សាហាវ យង់ឃ្នង របស់ពួកប្រល័យពូជសាសន៏ ដែល បាន ប្រព្រឹត្តមក លើប្រជាជនកម្ពុជា អស់រយះពេល៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជា អស់ជាង ៣លាននាក់។
ក្នុងពិធីនេះ ក្រុមមន្ត្រី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានដាក់កំរងផ្កាដោយសំរួមកាយវាចារចិត្តនៅចំពោះស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះប្រមាណ ៨.៩៨៥នាក់ដែលត្រូវបានគាស់ ចេញពីរណ្តៅសពរួមចំនួន៨៦ រណ្តៅ ដែលត្រូវពួកឃាតករអាវខ្មៅ យកមកសម្លាប់នៅជើងឯកនេះ ដោយយកចេញពីគុកទួលស្លែងកណ្តាលក្រុងភ្នំពេញ ហើយសូមឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធជនរងគ្រោះជិត ១ម៉ឺននាក់ សូមទៅសោយសុខក្នុង ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃ២០ ឧសភា ក៏ជាសាររំលឹកទៅដល់កូន ខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសាកលលោកកុំភ្លេចរបបប្រល័យពូជសាសន៏ដ៏សាហាវឃោឃៅ និងគួរឧិ្យស្អប់ខ្ពើមនេះ។ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដែលជាស្ថាបនិកតែ១គត់ ក្នុងការទប់ស្កាត់មិនអោយរបបប្រល័យពូជសាសន៏នេះ កើតឡើងជាលើកទី២ នៅលើទឹកដីអង្គរនៃយើង និងរួមគ្នាថែរក្សាសុខសន្តិភាព ដែលរាជរដ្ឋាភិបាល ខំប្រឹង រកបានដោយលំបាកនេះឧិ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចជា រួមគ្នាទប់ស្កាត់ឲ្យបាន នូវរាល់ឧបាយកល របស់ពួកអគតិដែលមានបំណងនាំប្រទេសកម្ពុជាឲ្យទៅ ធ្លាក់ក្នុងរណ្តៅមរណៈភាពជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ៕






















