អភិបាលខេត្តព្រះវិហារ អំពាវនាវកងកម្លាំងប្រដាប់អាវុធ ត្រូវថែរក្សាសុខសន្តិភាព និងប្រឆាំងដាច់ខាតរាល់សកម្មភាពដែលមានបំណងបំផ្លាញសន្តិភាពកម្ពុជា


(ព្រះវិហារ)៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ត្រូវការពារឱ្យបានសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យនៅគង់វង្ស ដើម្បីឱ្យប្រទេសជាតិកាន់តែអភិវឌ្ឍរីកចម្រើនគ្រប់វិស័យបន្តទៀត។

ការថ្លែងអំពាវនាវរបស់ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានធ្វើឡើងនៅក្នុងឱកាសដែលលោកចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារ ការរក្សាសណ្តាប់ធ្នាប់ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារឆមាសទី១ ឆ្នាំ២០២៣ នារសៀលថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក និងនាយ នាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម គីម រិទ្ឋី បានថ្លែងការកោតសរសើរ ដល់កងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានខិតខំបំពេញតួនាទីភារកិច្ចខ្លួនបានល្អប្រសើរក្នុងការរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងប្រទេសជាតិយើង។

ឯកឧត្តមបានអំពាវនាវដល់កម្លាំងប្រដាប់អាវុធ ដាច់ខាតត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឱ្យបានសុខសន្តិភាព ដែលមានសព្វថ្ងៃនេះ ឱ្យនៅគង់វង្ស ពិសេសការពាររាជរដ្ឋាបាលស្របច្បាប់ ប្រសូត្រចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមអភិបាលខេត្តព្រហវិហារ បានថ្លែងថា វគ្គហ្វឹកហ្វឺនក្នុងរយៈពេលជិត ១៥ថ្ងៃកន្លងមកនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ និងគុណតម្លៃបំផុតដល់ខឿនរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់បាតុភាពអនាធិបតេយ្យនានា។

ទន្ទឹមនេះ ឯកឧត្តមក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ពីការខិតខំបំពេញភារកិច្ច របស់កងរាជអាវុធហត្ថខេត្ត ក្នុងការបង្ក្រាបបទល្មើសនានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅធានាឱ្យកងកម្លាំងកងរាជអាវុធ ហត្ថមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្តកាតព្វកិច្ចទទួលបានជោគជ័យជូនជាតិ និងមាតុភូមិ។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវ្ធហត្ថខេត្តព្រះវិហារ បានថ្លែងថា វគ្គហ្វឹកហ្វឺននេះដើម្បីលើកកម្ពស់ សមត្ថភាពនិងការយល់ដឹងបន្ថែមអំពីតួនាទី ភារៈកិច្ច លើការបំពេញបេសកកម្មទាំងចំណេៈដឹង នឹងចំណេៈធ្វើលើមុខវិជ្ជាយោធា និងមុខវិជ្ជាជំនាញអាវុធហត្ថ ធ្វើឱ្យនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តព្រះវិហារ មានស្មារតីទទួលខុសត្រូវ គោរពច្បាប់ ក្រមសីលធម៌ គុណធម៌ មានមនសិការការងារ និងអត្តចរិក ដើម្បីពង្រឹងសមត្ថភាពដឹកនាំបញ្ជា អនុវត្តច្បាប់ប្រកបដោយប្រសិទ្ធិភាពនឹងសម្រេចបានជោគជ័យគ្រប់ភារៈកិច្ចជូនជាតិមាតុភូមិ៕