ថ្ងៃទី១៣យុទ្ធនាការឃោសនារសំឡេងឆ្នោត! ក្រុមការងារគណបក្សប្រជាជន ចុះសំណេះសំណាល និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់សមាជិកសមាជិកាជាង១០០នាក់នៅឃុំញ៉ាង ខេត្តរតនគិរី


(រតនគិរី)៖ ឯកឧត្តម ទ្រេស សាមីន សមាជិកគណៈកម្មាធិការបក្សខេត្តរតនគិរី និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្ត និងលោក មាស សារ៉េត ប្រធានគណបក្សស្រុកអណ្តូងមាស នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល បង្រៀនពីរបៀបគូសសន្លឹកឆ្នោត ផ្សព្វផ្សាយពីគោលនយោបាយ បង្ហាញលេខរៀង រូបសញ្ញាបក្ស និងចែកខិតប័ណ្ណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅសាលារោងភូមិកាជូតចំនួន១១១នាក់ (ស្រី៤៣នាក់)។

នាឱកាសនោះឯកឧត្តម ទ្រេស សាមីន និងលោក មាស សារ៉េត បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំញ៉ាង សកម្មជន និងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជាគ្រប់ភូមិ និងឃុំញ៉ាងទាំងអស់ ដែលមានភក្ដីភាពជឿជាក់ និងគាំទ្រដោយឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា ហើយបានអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។

ឯកឧត្តមបានជំរុញសមាជិកទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតមានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលពេញចិត្តដែលជួយថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានភាពជឿនលឿនបន្តទៀត។

បន្ថែមលើនេះលោកទាំង២ បានរំលេចនូវស្នាដៃធំៗជាច្រើនទៀតដែលជាសមិទ្ធិផលរបស់គណបក្សប្រជាជនកម្ពុជា បានកសាងកន្លងមកឲ្យសមាជិកសមាជិកាកាន់តែយល់ច្បាស់នូវស្នាដៃជាប្រវត្តិសាស្ត្រនេះ ដែលគណបក្ស ប្រជាជនកម្ពុជាសម្រេចជូនជាតិ និងប្រជាជនកម្ពុជា។

ចុងបញ្ចប់លោកទាំង២ បានផ្តាំផ្ញើដល់ក្រុមគ្រួសារ សមាជិក សមាជិកាទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបសញ្ញា «ទេវតាបាចផ្កា» ជាសម្គាល់៕