ទីស្តីការក្រសួង ៖នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំជាសហប្រធានលើកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក លោក លោកស្រីជាសមាជិកនៃគណ:កម្មាធិការ និងក្រុមការងារអញ្ជើញមកពីក្រសួងសាធារណការ និងដឹកជញ្ជូន និង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ ដោះស្រាយ បញ្ហាមួយចំនួន ដើម្បីជួយសម្រួល ការគ្រប់គ្រងប្រតិបត្តិការ និងដំណើរការរបស់គម្រោងឱ្យប្រព្រឹត្តទៅដោយរលូន ក៏ដូចជាជួយដល់វិនិយោគិនទាំងការកចំណូលហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស។ ក្នុងនោះអង្គប្រជុំបានពិភាក្សាលើការផ្សព្វផ្សាយប្រកាសកែសម្រួលគណៈកម្មាធិការ យន្តការជំរុញ និងលើកទឹកចិត្តដល់រថយន្តធុនធ្ងន់ដឹកទំនិញឱ្យប្រើប្រាស់ផ្លូវល្បឿនលឿន ការធ្វើបច្ចុប្បន្នភាពការងារសេសសល់ ការរៀបចំផែនការសម្រាប់ការងារគ្រប់គ្រងកិច្ចសន្យា និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីគ្រប់គ្រង និងជំរុញការបម្រើសេវាផ្លូវល្បឿនលឿនឱ្យកាន់តែល្អប្រសើរ។