ទីស្ដីការក្រសួងមហាផ្ទៃ ៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជម្រាបជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ក្នុងនាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញាបណ្ឌិត ប្ដេជ្ញាចិត្តក្នុងការបន្តជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល៣០ឆ្នាំទៅមុខទៀត។ កញ្ញាបណ្ឌិត ថ្លែងបែបនេះនាឱកាសដែល ឯកឧត្ដមអភិសន្តិបណ្ឌិត បានអនុញ្ញាតជូនកញ្ញា និងក្រុមការងារចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនោះដែរ កញ្ញាបណ្ឌិត ក៏បានជម្រាបជូន ឯកឧត្ដមអភិសន្តិបណ្ឌិត អំពីសមិទ្ធផលនានាដែលអង្គការសម្រេចបាននៅកម្ពុជា ជាពិសេសជោគជ័យក្នុងការអនុវត្តគម្រោងផ្សេងៗនាពេលកន្លងមក។
ជាកិច្ចឆ្លើយតប ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលក្នុងរយៈពេលជាង២០ឆ្នាំមកនេះបានដើរតួនាទីយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារព្រៃឈើ, អភិរក្សជីវៈចម្រុះ, ការសង្គ្រោះថែទាំសត្វព្រៃព្រមទាំងការជួយជ្រោមជ្រែងដល់សហគមន៍មូលដ្ឋាន។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានសម្ដែងការប្ដេជ្ញាចិត្តបន្តគាំទ្របេសកកម្មរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងផ្ដល់កិច្ចសហការសម្របសម្រួលបញ្ហានានា ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យកញ្ញា និងសហការីចូលជួបសម្ដែងការគួរសម ព្រមទាំងបានសម្ដែងការអបអរសាទរដែល ឯកឧត្ដមអភិសន្តិបណ្ឌិត ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeTUxQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--2096a3aa95e407d5e130fa17c791585158f01920/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/18c23261-7a0e-4f0b-a410-6ecd27a.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBekIxQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--6e15c802ba25285efb2964646d25e03203511aa3/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/d07f61c0-24a7-4d7e-8a95-f1f7dcc.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeTkxQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--452ff408d0626bbdf73efe3c13be8f98cb459ff1/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/0e4bc291-d04e-4529-9902-70f97bb.jpeg)