មន្ត្រីជាន់ខ្ពស់ក្រសួងការពារប្រទេស កម្ពុជា-ឡាវ-វៀតណាម គាំទ្រដល់កិច្ចប្រជុំកំពូលសភា CLV លើកទី១ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ


ជំនួបរវាងអនុរដ្ឋមន្ត្រីការពារប្រទេស កម្ពុជា-ឡាវ-វៀតណាម ត្រូវបានរៀបចំឡើងនារសៀលថ្ងៃពុធ ៩រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយបានគាំទ្រដល់កិច្ចប្រជុំកំពូលសភា CLV លើកទី១ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ អនុវត្តតាមខ្លឹមសារ និងពិធីសារដែលមានស្រាប់ សំដៅបង្កើនចំណងមិត្តភាព សាមគ្គីភាព រវាងកងទ័ព និងប្រជាជន នៃប្រទេសទាំង៣ ។

នៅក្នុងជំនួបនេះ ភាគីកម្ពុជា ដឹកនាំដោយលោក សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ, ភាគីឡាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ថង សូនីតាអាត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ, និង ភាគីវៀតណាម ដឹកនាំដោយលោក ង្វៀន ស៊ាន់អាន់ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ។

ក្រៅពីនេះភាគីទាំងបី កម្ពុជា-ឡាវ-វៀតណាម ក៏បានឯកភាពពង្រឹងការសហការរួមគ្នា ក្នុងការទប់ស្កាត់បទល្មើសនៅតាមខ្សែបន្ទាត់ព្រំដែន បង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែស៊ីជម្រៅ ការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីភាពសុខដុមរមនា ដល់ប្រទេសជាតិទាំងបី ។

ភាគីទាំងបី ក៏នឹងមានជំនួបប្រាស្រ័យមិត្តភាព ការពារជាតិថ្នាក់រដ្ឋមន្ត្រីទាំង៣ កម្ពុជា-ឡាវ-វៀតណាម CLV លើកទី១ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ និងការធ្វើលំហាត់សុខាភិបាលកងទ័ពទាំង៣ប្រទេស ដែលនឹងត្រូវបានរៀបចំឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ៕ដោយសំ សាម៉ន, ផ្សាយដោយ៖ កន ចំណាន