ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការបង្កើនពន្ធថ្នាំជក់កាន់តែខ្ពស់ នឹងផ្តល់ចំណូលកាន់តែច្រើនទៅដល់រដ្ឋាភិបាល ផ្តល់ចំណូលទៅសុខភាពសាធារណៈ និងកាត់បន្ថយបានសម្រាប់អ្នកជក់ថ្នាំជក់ ដែលខ្វះទុនមិនអាចជក់បាន។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងយ៉ាងដូចនេះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នាឱកាសអញ្ជើញបើកកិច្ចពិភាក្សាតុមូលស្តីពី «វិធានការពន្ធលើថ្នាំជក់» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសម្របសម្រួលពីលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា មានការចូលរួមពីលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) តំណាងអង្គការសុភាពពិភពលោក (WHO) រួមទាំងមាន វាគ្មិន សាស្ត្រាចារ្យ លោក លោកស្រី និងនិស្សិតចូលរួមជាច្រើននាក់។
ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់បារីអេឡិត្រូនិច និងថ្នាំជក់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងដូចនេះថា «អ្វីដែលជាបញ្ហាគឺការបង្កើនពន្ធ ពន្ធកាន់តែខ្ពស់វាមានចំណូលទៅដល់រដ្ឋាភិបាល ហើយវាមានចំណូលទៅ លើសុខភាពសាធារណៈ ហើយវាកាត់បន្ថយបានសម្រាប់អ្នកដែលខ្វះទុនមិនអាចជក់បាន ខ្ញុំបានសិក្សាហើយនៅយើងនេះ វាករណីពិសេសណាស់នៅកម្ពុជា បើធៀបនឹងប្រទេសដ៏ទៃ ធៀបនឹងតំបន់ដ៏ទៃ កម្ពុជាពាក់ព័ន្ធ បញ្ហាថ្នាំជក់នេះ គឺនារីខ្មែរមិនសូវជក់ទេ ខុសពីសម័យមុន»។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់បារីអេឡិត្រូនិច ពាក់ព័ន្ធនឹងវិស័យអប់រំ ត្រូវជួយអប់រំយុវជនឲ្យបានយល់ដឹងអំពីភាព នៃគ្រោះថ្នាក់ដល់សុខភាពនៃការប្រើប្រាស់បារី អេឡិត្រូវនិច ហើយបើការអប់រំហើយនៅតែមិនស្តាប់ ត្រូវតែមានវិធានការដោយយកច្បាប់មកអនុវត្តឱ្យបានតឹងរឹង ដើម្បីធ្វើយ៉ាងណាឱ្យមានការកាត់បន្ថយការប្រើប្រាស់បារីអាឡិចត្រនិចនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ទៀតថា «ថ្នាំជក់ជាអាវុធមុខ៣ បើយើងចេះប្រើថ្នាំជក់ឱ្យមានប្រយោជន៍ ថ្នាំជក់នឹងក្លាយទៅជាឧបករណ៍ជួយដល់វិស័យសេដ្ឋកិច្ច តែបើយើងមិនចេះប្រើវានោះទេ ថ្នាំជក់នឹងក្លាយ ទៅជាអាវុធសម្លាប់មនុស្ស និងកាត់បន្ថយខ្សែជីវិតរបស់មនុស្សបាន ហើយបើយើងចេះប្រើប្រាស់ថ្នាំជក់ឱ្យបានត្រឹមត្រូវ ថ្នាំជក់នឹងក្លាយទៅជាកេរ្តិ៍ឈ្មោះរបស់ជាតិសាសន៍នីមួយៗបាន»។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អះអាងថា ថ្នាំជក់ដែលយុវជនប្រើប្រាស់នាពេលបច្ចុប្បន្ននេះ វាជាឧបករណ៍បំផ្លាញខ្លួនឯង ៣យ៉ាងដូចជា (១) បំផ្លាញសុខភាព បំផ្លាញសេដ្ឋកិច្ច និងបំផ្លាញកិត្តិយសនៃសង្គមទាំងមូល (២) ការប្រើប្រាស់បារីអេឡិចត្រូវនិចរបស់យុជននាពេលបច្ចុប្បន្ននេះ ដូចបានយកលុយឱ្យទៅបរទេស ជួយផ្សាយពាណិជ្ជកម្មឱ្យបរទេស (៣) យុវជនក៏ត្រូវបានយកលុយខ្លួនទៅចាយផ្នែកសុខភាពផង និងបានបំផ្លាញសុខភាពអ្នកនៅជុំវិញខ្លួនឯងផងដែរ។
គួរបញ្ជាក់ថា កម្ពុជាមានបន្ទុកពន្ធលើផលិតផលថ្នាំជក់នៅកំរិតទាបនៅឡើយ ដោយយកពន្ធត្រឹម២៥ភាគរយ សម្រាប់បារីក្នុងស្រុក និង ៣១ភាគរយ សម្រាប់បារីនាំចូល ធៀបនឹងតម្លៃលក់រាយ។ បន្ទុកពន្ធបារីទាបបែបនេះ ធ្វើឱ្យតម្លៃបារីនៅលើទីផ្សារមានតម្លៃថោក ដែលជំរុញឱ្យយុវជនចាប់ផ្ដើមជក់បារី និងអ្នកកំពុងជក់បារីឱ្យជក់កាន់តែច្រើន។ ដោយឃើញលទ្ធភាពទិញបារីរបស់ប្រជាពលរដ្ឋនៅមានកំរិតខ្ពស់ ទើបក្រុមហ៊ុនបារីមួយចំនួន បានដំឡើងថ្លៃបារីក្នុងរយៈពេល ៦ខែនេះ មុនអត្រាពន្ធបារីត្រូវបានដំឡើង។ នេះបើតាមការវិភាគរបស់ SEATCA ការដំឡើងថ្លៃបារីលក់នៅទីផ្សារមុនអត្រាពន្ធបារីត្រូវបានដំឡើង ធ្វើឱ្យក្រុមហ៊ុនចំនេញថែមប្រមាណ ៨លានដុល្លារ ចំពោះបារីផលិតក្នុងស្រុក។
នៅកម្ពុជា ប្រជាពលរដ្ឋ ១៥ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ រួមមាន៖ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួតនិងបំពង់ខ្យល់ ហើយ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ លើសពីនេះទៀតការប្រើប្រាស់ថ្នាំជក់បណ្តាលឱ្យខាតបង់ ៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង៣% នៃGDPរបស់កម្ពុជា៕