(ពោធិ៍សាត់)៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ ឆ្នាំទី៥ អាណត្តិទី៣របស់ខ្លួន នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សា អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់ អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំនេះ បានលើរបៀបវារៈ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៦ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, ២-ពិនិត្យ និងអនុមត័ សេចក្កីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត, ៣-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៥ អាណត្តិទី៣ ឆ្នាំ២០២៣, ៤-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត និង៥-បញ្ហាផ្សេងៗ។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗ របស់សមាជិក សមាជិកាក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង ក្នុងកិច្ចប្រជុំរួចមកឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់ រដ្ឋបាលស្រុក ក្រុង និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវពិនិត្យមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ ត្រូវធ្វើការសម្របសម្រួល និងដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា មិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម។
ជាមួយមួយគ្នានោះ ត្រូវខិតខំដុះខាត់ទាំងចំណេះដឹង និងសមត្ថភាពក្នុងនាមជាតំណាងសាធារណៈស្វ័យភាព របស់មូលដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព ឈានទៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តមបានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់បណ្តាកងឯកភាព ដែលបាននឹងកំពុងខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងភាពយុត្តិធម៌ត្រឹមត្រូវ។ នេះគឺជាការរួមចំណែកយ៉ាងធំធេង ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការបម្រើសេវាសាធារណៈនានាបានល្អប្រសើរ ជាទំនុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរដ្ឋបាលខេត្ត ក៏ដូចប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនកម្ពុជា។
ក្នុងកិច្ចប្រជុំនោះឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្ត ដែលមានឯកឧត្តម ខូយ រីដា អភិបាលខេត្ត តែងតែខិតខំប្រឹងប្រែងធ្វើការងារ ជាពិសេសនាពេលថ្មីៗនេះ បាមចុះសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហានានា ជូនប្រជាកសិករ ពាក់ព័ន្ធទៅនឹងកង្វះខាតទឹក សម្រាប់ស្រោចស្រពស្រូវរដូវប្រាំង នៅក្នុងឃុំមួយចំនួន របស់ស្រុកបាកានបានទាន់ពេលវេលា ធ្វើឱ្យប្រជាកសិកររីករាយយ៉ាងក្រៃលែង។ ចំពោះរដ្ឋបាល ស្រុក ក្រុងនិងអាជ្ញាធរ ឃុំ សង្កាត់ តែងតែចូលរួមអនុវត្តជាប់ជាប្រចាំ អំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បង្ការទប់ស្កាត់នូវរាល់បទល្មើស រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានល្អប្រសើរ។
នៅក្នុងឱកាសនោះឯកឧត្តម ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តនូវតួនាទី ភារកិច្ចបន្ថែមទៀតក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលផ្តោតសំខាន់ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា និងការបម្រើសេវាសាធារណៈឱ្យបានឆាប់រហ័ស ទាន់ចិត្ត និងមានទំនុកចិត្ត គឺជាធ្នាក់ទាក់ទឹកចិត្ត ដ៏មានប្រសិទ្ធិភាព៕