អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើ​ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសបារាំង- សហគមន៍អឺរ៉ុប បានឆ្លុះបញ្ចាំងទៅដល់រឿងរ៉ាងប្រវត្ដិជីវិតប្រជាពលរដ្ឋខ្មែរយ៉ាងណា?


(ប៉ារីស)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងពីទីក្រុងប៉ារីសថា នៅក្នុងការបើកទំព័រដើមឆ្នាំថ្មី ២០២៤នេះ ចំពោះដំណើរបំពេញទស្សន:កិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ពីថ្ងៃទី១៣-១៩ មករា និងដំណើរចូលរួមកិច្ចប្រជុំជាផ្លូវការ វេទិកាសេដ្ឋកិច្ចពិភពលោក ពីថ្ងៃទី១៥-១៦ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

បើពោលពីការឆ្លៀតពេលវេលាដ៏មមាញឹកពីកម្មវិធីផ្លូវការទាំងពីរនេះ របស់សម្ដេចធិបតី គឺថ្ងៃទី១៤ មករា សម្ដេចធិបតី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំង និងប្រជាពលរដ្ឋខ្មែរមកពីទ្វីបអឺរ៉ុបមានជាអាទិ៍៖ ចក្រភពអង់គ្លេស ,អាល្លឺម៉ង់, អ៉ីតាលី, ស្វីស, ហុងគ្រី ជាដើម មានចំនួនជាង៣០០០នាក់ ពោរពេញដោយស្នាមញញឹម ស្និទ្ធស្នាល អធិកអធម និងសប្បាយរីករាយ ដូចសាធារណ:មតិជាតិនិងអន្ដរជាតិ ឃើញនេះ។

គឺពិតជាបានឆ្លុះបញ្ចាំងអំពី ស្រុកទេសមានភាពសប្បាយរីករាយផង និងធ្វើឲ្យនឹកទៅដល់អតីតកាលនៃរឿងរ៉ាវប្រវត្ដិជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានហែលឆ្លងព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដយ៉ាងសោកសៅបំផុតផងដែរ ។

បើពោលឲ្យចំ ចំពោះភាពសប្បាយរីករាយ គឺបច្ចុប្បន្នលើផែនដីសម័យតេជោ សន្ដិភាព ដែលរាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឲ្យជាតិ មាតុភូមិ មានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស មានឱកាសជួបជុំសាសងគ្នាបញ្ចេញនួវស្នាមញញឹមទ្បើងវិញនៅគ្រប់ពេលវេលា ។ រីឯភាពសោកសៅវិញ ធ្វើឲ្យប្រជាពលរដ្ឋ នឹកទៅដល់ព្រឹត្ដិការណ៍រឿងរ៉ាវប្រវត្ដិនៃការនិរាសព្រាត់ប្រាស់សាច់សាលោហិតឪពុកម្ដាយ -បងប្អូន កាលពីសម័យសង្រ្គាមពីទសវត្សឆ្នាំ១៩៧០-១៩៧៥ ពិសេសពីឆ្នាំ១៩៧៥-១៩៧៩ ដ៏សែនវេទនាបំផុត ។

លោក រ័ត្ន សណ្ដាប់ បន្ដថាស្ថិតក្នុងបរិការនេះ បើពោលអំពីប្រវត្ដិនៃជនអន្តោប្រវេសន៍ខ្មែរ នៅលើទឹកដីបារាំងសែសនេះផងដែរ ចាប់តាំងពីសម័យអាណានិគមនិយមបារាំង រហូតដល់ខ្មែរបានឯករាជ្យឆ្នាំ១៩៥៣ ពលរដ្ឋខ្មែរដែលអាចទៅរស់នៅលើទឹកដីបារាំងបានទាល់តែមកពីវណ្ណៈអភិជន និស្សិត និងសមាជិកនៃរាជវង្សកម្ពុជាប៉ុណ្ណោះ ។

តមកចំពោះរឿងហតុ ជនអន្តោប្រវេសន៍ខ្មែរ ដែលបានធ្វើចំណាកស្រុកទៅប្រទេសបារាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបណ្ដាប្រទេសសហគមន៍អឺរ៉ុប ផ្សេងៗទៀតដូចយើងឃើញនេះ គឺបន្ទាប់ពីព្រឹត្ដិការណ៍ប្រទេសធ្លាក់ចូលក្នុងភ្លក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧០-១៩៧៩ ។

ក្រោយពីរបបវាលពិឃាដបានដួលរលំ និងបន្ទាប់ពីប្រទេសទើបងើបផុតពីឈាមនិងទឹកភ្នែក ក្នុងទសវត្សឆ្នាំ១៩៨០ គឺប្រជាពលរដ្ឋនៅទូទាំងប្រទេស បានជួបនូវគ្រោះទុរ្ភិក្ស​យ៉ាង​ខ្លាំង និងសង្រ្គាមស៊ីវិលផ្ទៃក្នុង ធ្វើឲ្យប្រជាពលរដ្ឋបានរត់មកជំរុំជនភៀសខ្លួន ព្រំដែនកម្ពុជា-ថៃ មានចំនួនរាប់សែននាក់ និងបន្ដភៀសខ្លួនមករស់នៅបណ្ដាប្រទេសជឿនលឿននានា លើពិភពលោក មានដូចជា ប្រទេសអូស្ត្រាលី, អាមេរិក, បារាំង ,អាល្លឺម៉ង់ ,ស្វីស អង់គ្លេស, អ៉ីតាលី ឬបណ្ដាប្រទេសសហគមន៍អឺរ៉ុបផ្សេងៗ ទៀត ដូចយើងឃើញសព្វថ្ងៃនេះ។

ចំពោះសំនួរខ្លះបានចោទសួរថា តើប្រជាពលរដ្ឋខ្មែរ​នៅ​ស្រុកបារាំង​-សហគមន៍អឺរ៉ុប មានជីវិតរស់នៅបែបណា ?

លោក រ័ត្ន សណ្ដាប់ បានកត់សម្គាល់ថា សព្វថ្ងៃចំពោះប្រជាពលរដ្ឋខ្មែរ​នៅទីក្រុង​ប៉ារីស មនុស្សជំនាន់ចាស់ នៅអាចនិយាយភាសាខ្មែរ បានយ៉ាងល្អ រីឯក្មេងៗ ជំនាន់ក្រោយស្ទើរ​តែ​ទាំង​អស់​នៅ​ប្រទេស​បារាំង​ចេះ​ភាសា​បារាំង​យ៉ាង​ស្ទាត់​ជំនាញ ឬអាចនិយាយភាសាខ្មែរបានផងដែរ ។ អ្វីដែលចាប់អារម្មណ៍ថែមទៀតនោះ យុវជននៅស្រុកបារាំង នៅបន្ដប្រកាន់ភ្ជាប់នូវប្រពៃណីទំនៀមទម្លាប់ វប្បធម៌ និងព្រះពុទ្ធសាសនា ដ៏ល្អផូរផង់របស់ខ្មែរយើងតំាងពីបុរាណរៀងមក ។

បើពោលពីបារាំងក្នុងទស្សន:ខ្មែរវិញ គឺខ្មែរបានចាត់ទុកជាតិសាសន៍បារាំង ជាអរិយធម៌តំណាងពួកស្បែកស បើពោលឲ្យចំ អ្វី​ៗទាំងពួង​ដែល​មាន​ដើម​កំណើត​មក​ពី​ទ្វីបអឺរ៉ុប​ហៅ​ថា បារាំង​ៗទាំងអស់ គឺដូចជា៖ អក្សរ​បារាំង, ខោ​បារាំង, ដំឡូង​បារាំង, មាន់​បារាំង, ខ្ទឹមបារាំង, ឆ្កែបារាំង, ថ្នាំបារាំង, ទៀបបារាំង, ពោតបារាំង, អំពិលបារាំង, សក់បារាំង, សម័យបារាំង, អាគារសម័យបារាំងជាដើម។

ជាសរុប លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា ហេតុនេះ ចំពោះទឹកដីបារាំង បើនិយាយអំពីព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដដែលជាប់រឿងរ៉ាវដ៏ប្រពៃថ្លៃថ្លា មកលើរដ្ឋបុរសខ្មែរ មានពីរធំៗ គឺ៖ 
ទី១៖ បារាំង ជាទឹកដីផ្ដល់ឯករាជ្យ ជូនមកកម្ពុជានៅឆ្នាំ១៩៥៣ ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពស់ខ្ពង់បំផុតនៃយើង។
ទី២៖ បារាំង ជាទឹកដី ផ្ដល់ឲ្យមេដឹកនាំនៃរដ្ឋបុរសខ្មែរទាំងពីរ គឺសម្ដេចព្រះនរោត្ដមសីហនុ និងសម្ដេចតេជោ ហ៊ុន សែន បានជួបចរចាគ្នាជាលើកដំបូងនៅ ទសវត្សឆ្នាំ១៩៨០ រហូតចុងក្រោយសម្ដេចតេជោ បន្ដដោះស្រាយបញ្ហាជម្លោះបែកបាក់ដែលបន្សល់ពីកាលជាង៥០០ឆ្នាំដ៏យូរអង្វែងមក បានចប់ជាស្ថាពរគ្មាន​ការ​បង្ហូរឈាម​នៅឆ្នាំ១៩៩៨ ធ្វើឲ្យខ្មែរទាំងក្នុងនិងក្រៅប្រទេស បានស្គាល់នូវសុខសន្តិភាព ពេញបរិបូណ៍យ៉ាងត្រចះត្រចង់ទ្បើងវិញ ដូច​យើងឃើញសព្វថ្ងៃនេះ។​

ដូច្នេះចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំង- សហគមន៍អឺរ៉ុប ពោរពេញដោយស្នាមញញឹម ស្និទ្ធស្នាល អធិកអធម និងសប្បាយរីករាយនេះ ធ្វើឲ្យខ្មែរទាំងក្នុងនិងក្រៅប្រទេស មានស្មារតីយ៉ាងមោះមុតរួមគ្នាទ្រសន្ដិភាព ស្របតាមទស្សន:វិជ្ជារបស់សម្ដេចធិបតី កំណត់ថ្ងៃទី២៩ ធ្នូ ជា «ទិវាសន្ដិភាពជាតិ» ដើម្បីជាមរតកជាតិ ទុកឲ្យកូនខ្មែរជំនាន់ក្រោយគ្រប់ៗជំនាន់តរៀងទៅ ។ ព្រោះសន្តិភាព ជាមរតកជាតិពុំអាចកាត់ថ្លៃបាន កំណត់វត្តមាននៃភាពសុខដុមរមនារួមគ្នា និងអវត្តមាននៃសង្រ្គាម៕