(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបង្ហាញសំណេរដោយផ្តល់នូវការវិភាគបន្ថែម និងករណីដែលអាចកើតឡើង ពាក់ពន្ធការធ្វើបាញ់ប្រហារសម្លាប់សម្តេចកាលពីថ្ងៃ២៤ កញ្ញា ១៩៩៨ នៅទឹកដីខេត្តសៀមរាប។
សំណេររបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម មានខ្លឹមសារយ៉ាងដូច្នេះថា៖
ម្សិលមិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារ ដើម្បីសម្លាប់ខ្ញុំថ្ងៃ២៤ កញ្ញា ១៩៩៨ នៅទីរួមខេត្តសៀមរាប។
ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច «ប្រសិនខ្ញុំស្លាប់ ឬរបួសប្រទេសកម្ពុជាយើង នឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ»»។ ការសរសេរបែបនេះគឺជាកំហុសដែលមើលឃើញតែមួយជ្រុងនៃតួរនាទីរបស់ខ្ញុំ ដោយមិនបានគិតដល់កត្តាដទៃទៀត។ ពេលនេះខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំ។
១. ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាម ដែលធ្វើឲ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។
២. គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើរការប្រជុំធម្មតា និងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មី ឬត្រូវជាប់គាំងបង្កើតរាជរដ្ឋាភិបាលមិនបាន។
៣. ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ ម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតខ្មែរក្រហម។
៤. មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផង និងរកវិធីបញ្ចប់សង្គ្រាមបានផង។ តាមរយៈការស្រុះស្រួលនេះសន្តិភាពកើតមាន នាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែលល្អលើស ហ៊ុន សែន ច្រើនដង។ នៅមានកត្តាច្រើនទៀត ដែលខ្ញុំសូមមិនលើកឡើងទុកជូនបងប្អូនវាយតម្លៃខ្លួនឯង៕