ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់៖ កម្ពុជា ទទួលអ្នកដំណើរតាមផ្លូវអាកាស ជាង៥លាននាក់ នៅឆ្នាំ២០២៣ កើនឡើងជាងពីរដង


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាស បានជាង៥លាននាក់ នៅឆ្នាំ២០២៣ កើនឡើងជាងពីរដង បើធៀបនឹងឆ្នាំ២០២២។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកថ្នាក់បរិញ្ញាបត្រជំនាន់ទី១ គ្រប់គ្រងអាកាសចរណ៍ស៊ីវិល ឆ្នាំសិក្សា២០២៣-២០២៤ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាស បានចំនួន៥,១១១,៨១០នាក់ កើនឡើងជាងពីរដង បើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលមានអ្នកដំណើរចំនួន២,៣៨១,៩៩៥នាក់។ នេះជាសញ្ញាមួយបង្ហាញឲ្យឃើញថា ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសងើបឡើងវិញយ៉ាងឆាប់រហ័ស»

ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងផងដែរថា បច្ចុប្បន្នការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីមួយទៀត ដែលមានទីតាំងនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល គឺអាកាសយានដ្ឋានអន្ដរជាតិតេជោតាខ្មៅ នឹងមានលទ្ធភាពទទួលយន្ដហោះប្រភេទធំបាន ហើយការសាងសងនឹងបញ្ចប់ និងដាក់ឲ្យដំណើរការ នាឆ្នាំក្រោយ។

ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ ដ៏ឆាប់រហ័សរបស់កម្ពុជា ពិសេសវិស័យអាកាសចរណ៍ស៊ីវិល ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្ដខិតខំប្រឹងប្រែងបំពេញភារកិច្ច របស់ខ្លួន ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ បំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។

បន្ថែមពីនោះទៀត ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានស្នើដល់ក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនសេវាកម្មចរាចរដែនអាកាសកម្ពុជា, អាកាសយានដ្ឋាន និងដៃគូអភិវឌ្ឍន៍ ព្រមទាំងវិទ្យាស្ថានជាតិ អាកាសចរណ៍ស៊ីវិល ពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព ធានាឲ្យមានសុវត្ថិភាពខ្ពស់ លើវិស័យដឹកជញ្ជូនផ្លូវអាកាសនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកំពុងរិះរកគ្រប់មធ្យោបាយ ទៅតាមគោលនយោបាយ យុទ្ធសាស្ដ្រ និងកម្មវិធីនានា សម្រាប់គាំទ្រដល់វិទ្យាស្ថានជាតិ អាកាសចរណ៍ស៊ីវិល ពិសេសគ្រូ សាស្ដ្រចារ្យ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងគុណភាពអប់រំ ផ្ដោតលើជំនាញ ទ្រឹស្ដី ខ្លឹមសារមេរៀន និងការអនុវត្ដផ្ទាល់ជាមួយសម្ភារឧបទេស ស្របតាមបច្ចេកវិទ្យាថ្មីៗ។

បន្ថែមពីនេះ ក៏មានការជំរុញ និងអភិវឌ្ឍបន្ដនូវភាពជាអ្នកដឹកនាំគ្រប់គ្រង ព្រមទាំងការរៀបចំប្រព័ន្ធធានាគុណភាពផ្ទៃក្នុង និងរៀបចំស្ដង់ដារ ឲ្យចំគោលដៅតម្រូវការរបស់ក្រសួងអប់រំ និងយុវជន និងកីឡាផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា ការធ្វើបែបនេះ ក្នុងស្នារតីបុរេសកម្ម ដើម្បីផលិតនូវធនធានមនុស្ស ពោរពេញដោយសមត្ថភាព ចំណេះជំនាញ វិជ្ជាជីវៈច្បាស់លាស់ សម្រាប់ឆ្លើយតបនឹងតម្រូវការងារ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ដែលជាវិស័យមួយចាំបាច់ ត្រូវមានការទទួលស្គាល់ពីថ្នាក់អន្ដរជាតិ តាមរយៈអង្គការអន្ដរជាតិអាកាសចរណ៍ស៊ីវិល ហៅកាត់ថា ICAO។

លោក លឹម កៅ នាយកវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ឆ្នាំ២០២៤នេះ វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល ក្រោមការដឹកនាំ តម្រង់ទិស និងចង្អុលបង្ហាញ របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបើកថ្នាក់បរិញ្ញាបត្រជំនាន់ទី១ គ្រប់គ្រងអាកាសចរណ៍ស៊ីវិល ដែលមាន៣ជំនាញដូចខាងក្រោម៖

១៖ គ្រប់គ្រងអាកាសយានដ្ឋាន (Airport Management)
២៖ គ្រប់គ្រងចរាចរណ៍ដែនអាកាស (Air Traffic Management)
៣៖ គ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ (Airline Management)។

លោក លឹម កៅ បានបញ្ជាក់ថា ការបើកថ្នាក់បរិញ្ញាបត្រជំនាន់ទី១ គ្រប់គ្រងអាកាសចរណ៍ស៊ីវិល ឆ្នាំសិក្សា២០២៣-២០២៤នេះ វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល ទទួលបានសិស្សចុះឈ្មោះចូលរៀនសរុប ចំនួន៦៦រូប ស្រី២៦រូប ក្នុងនោះមានសិស្សអាហារូបករណ៍ចំនួន១២រូប ស្រី៧រូប ផ្តល់ដោយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី (១០០% មាន៥នាក់) (៥០%មាន ៦នាក់) (៧០%មាន ១នាក់)។

លោកបានបញ្ជាក់ថា ការបើកថ្នាក់បរិញ្ញាបត្រជំនាន់ទី១នេះ គឺជាការអនុវត្តតាមគោលនយោបាយ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក្នុងការចូលរួមអនុវត្ត យុទ្ធសាស្តកំណែទម្រង់វិស័យ អប់រំឆ្នាំ២០២៤-២០២៨ ព្រមទាំងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និតីកាលកាលទី៧៕