ប្រធានរដ្ឋសភាថៃ ស្នើឱ្យរដ្ឋសភាប្រទេសទាំងពីរ មានអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ


(ភ្នំពេញ)៖ ប្រធានរដ្ឋសភានៃប្រទេសថៃ សំណូមពរឱ្យរដ្ឋសភាប្រទេសទាំងពីរ មានអនុស្សរណៈយោគយល់គ្នា ដូចរដ្ឋសភាកម្ពុជា មានជាមួយប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀត ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនៃសភាប្រទេសទាំងពីកាន់តែល្អប្រសើរនិងគ្រប់ជ្រុងជ្រោយថែមទៀត។

ការស្នើសុំនេះខណៈឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភាថៃ បានចូលជួបសម្តែងការគួរសម និងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នៅវិមានសន្តិភាព។

ក្នុងជំនួប ឯកឧត្តមជាម យៀប ប្រធានរដ្ឋសភាស្តីទី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជា ប្រវត្តិសាស្រ្ត ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងតែមួយ និងជាសមាជិកអន្តរស ភាអាស៊ាន ដំបូងគេដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាសម្រាប់នីតិកាលទី៧។ ដំណើរទស្សនកិច្ចនេះ ក៏រួមចំណែកយ៉ាងសំខាន់ដល់ការបន្តពង្រឹងពង្រីក និងលើកកម្ពស់ បន្ថែមទៀតនូវចំណងមិត្ត ភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលអាច បើកឱកាសថ្មីសម្រាប់ប្រទេសយើងទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងឱ្យអស់សក្តានុពល។

នៅក្នុងជំនួបកិច្ចពិភាក្សាទ្វេភាគី គណៈប្រតិភូរដ្ឋសភាទាំង២បានវាយតម្លៃខ្ពស់នូវវឌ្ឍន ភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានជាយូរលង់មកហើយ ក៏ដូចជាស មិទ្ធផលសំខាន់ៗ ស្តែងចេញពីទំនាក់ទំនងនេះ និងសង្ឃឹមយ៉ាងមុតមាំថាទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្ដីទី បានបញ្ជាក់ថា ឆ្នាំក្រោយ នេះជាខួបលើកទី៧៥ឆ្នាំ នៃចំណងការទូតរបស់ប្រទេសទាំង២ ក្នុងន័យនេះ ការទូតសភាគឺ ដើរតួនាទីសំខាន់ ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្រ្តឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្ដីទី ក៏បានគូសបញ្ជាក់បន្ថែម អំពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី ដែលមានលក្ខណៈពហុវិស័យ និងច្រើនកម្រិត ដោយមានកិច្ចសហប្រតិបត្តិ ការល្អពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្របខណ្ឌរដ្ឋ និងរដ្ឋ (តាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន) ក្រប ខណ្ឌសភា និងសភា ធុរកិច្ចនិងធុរកិច្ច គណបក្សនយោបាយ និងគណបក្សនយោបាយ និងរវាងប្រជាជន និងប្រជាជន។ ការអភិវឌ្ឍលើវិស័យទេសចរណ៍អាចនឹងជួយពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព និងជួយជំរុញផលប្រយោជន៍ ទៅវិញទៅមក ក្នុងនោះរួមមានជំរុញ កំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

នាពេលថ្មី ៗនេះ ក្នុងដំណើរទស្សនកិច្ច សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាជំរុញនិងលើកកម្ពស់វិស័យទេសចរ ណ៍ក្រោមពាក្យស្លោក «ព្រះរាជាណាចក្រពីរគោលដៅតែមួយ»។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្ដីទី បានបន្ថែមទៀតថា បច្ចុប្បន្ន មានប្រជាពលរដ្ឋកម្ពុជាប្រមាណជាងមួយលាននាក់បាន និងកំពុងរស់នៅ និងធ្វើការ យ៉ាងស កម្មលើវិស័យផ្សេងៗក្នុងប្រទេសថៃហើយបានចូល រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រទេសថៃក៏ដូចជាប្រទេសកម្ពុជា។ តំណាងឱ្យប្រជាពលរដ្ឋកម្ពុជា ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណជាអនេក ចំពោះសភាថៃ ក៏ដូចជារាជរដ្ឋាភិបាលថៃ ដែលបានការពារសិទ្ធិសេរីភាព ពលករចំណាក ស្រុកកម្ពុជា និងបានផ្តល់ឱកាសដល់ពួកគេមានលទ្ធភាព សមត្ថភាព រកចំណូលដោយស្រប ច្បាប់ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងបានរួមចំណែកជួយដល់សេដ្ឋកិច្ចសង្គម របស់ប្រទេសថៃ ផងដែរ។ ចំណែកឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានមានប្រសាសន៍ ថ្លែងអំ ណរគុណចំពោះ បដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់រដ្ឋសភាកម្ពុជា និងឯកភាពចំពោះប្រសាសន៍លើកឡើង របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភា គី ដែលមានជាយូរលង់មកហើយក៏ដូចជាសមិទ្ធផលសំខាន់ៗស្តែងចេញពីទំនាក់ទំនងនេះ និងសង្ឃឹមយ៉ាងមុតមាំថា ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ ដោយឯកឧត្តមប្រធានគណៈប្រតិភូបញ្ជាក់ឡើងវិញថា ថៃនិងកម្ពុជាគឺជាបងប្អូន។ ប្រទេសទាំងពីរ ជាអ្នកជិតខាងល្អ ជាមិត្តល្អ ដូចសុភាសិតបានលើកឡើងថា មានមិត្តល្អម្នាក់នៅជិត ប្រសើ ជាងមានមិត្តល្អ១០នាក់ដែលនៅឆ្ងាយ។ ក្នុងជំនួបនោះដែរឯកឧត្តមប្រធានរដ្ឋសភាថៃ ក៏បានសំណូមពរឱ្យរដ្ឋសភាប្រទេសទាំងពីរមានអនុស្សរណៈយោគយល់គ្នា ដូចរដ្ឋសភាកម្ពុជា មានជាមួយប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀត ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនៃ សភាប្រទេសទាំងពីកាន់តែល្អប្រសើរនិង គ្រប់ជ្រុងជ្រោយថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមក៏បានគោរពអញ្ជើញសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សកិច្ចនៅ ព្រះរាជាណាចក្រថៃ ដើម្បីមានឱកាសច្រើនថែមទៀតក្នុងការពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការសភា និងការពិចារណាទៅលើការចុះអនុស្សារណៈរួមជាមួយគ្នា។ ឯកឧត្តមបានមានប្រសាសន៍លើកឡើងថា ឯកឧត្តមនឹងជួយជំរុញអ្នកវិនិយោគថៃ ឱ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា ព្រមទាំងលើកកម្ពស់សិទ្ធពលករខ្មែរដែលកំពុង ធ្វការនៅប្រទេសថៃ និងមើលថែពួកគេនិងគ្រួសារ ដូចជាជាពលករថៃដែរ ដោយកូនចៅ របស់ ពលករទាំងនោះមានសិទ្ធិបានចូលសិក្សារៀនសូត្រដើម្បីក្លាយជាទំពាំងស្នងឫស្សីនាពេលអនាគតដែរ៕